ខេត្តបាត់ដំបង៖ យ៉ាងតិចមានមនុស្ស៣នាក់ បានរងរបួសធ្ងន់ សន្លប់ស្តូកស្តឹងនៅនឹងកន្លែង គឺប្តី ប្រពន្ធ និងកូន បង្កដោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ កាលពីវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និងសាច់ញាតិដឹកយកទៅសង្គ្រោះបន្ទាន់នៅប្រទេសថៃ ។
ប្រជាពលរដ្ឋនៅទីនោះបាននិយាយថា ជនបង្កហេតុ បើកបររថយន្តឡិចស៊ីស RX 300 ពណ៌ស្ករ មិនចាំស្លាកលេខ មានតួនាទីជាអនុប្រធានគយ និងរដ្ឋាករច្រកកាប៊ីន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ជនបង្កបើកបររថយន្តក្នុងស្ថានភាពស្រវឹងជោកជាំ បុកពេញទំហឹងទៅលើម៉ូតូជនរងគ្រោះ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាមួយនឹងវត្ថុតាងម៉ូតូជនរងគ្រោះ និងរថយន្តបង្កហេតុ យកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកសំពៅលូន ដើម្បីសាកសួរតាមនីតិវិធី ។
ប្រភពគួរឲ្យជឿទុកចិត្តបានបញ្ជាក់ថា ជនបង្កដែលជាមេគយ ត្រូវបានសមត្ថកិច្ចដោះលែងឲ្យមានសេរីភាព ដែលគេសង្ស័យថា អាចពាក់ព័ន្ធទៅនឹងបញ្ហាសូកប៉ាន់ណាមួយ ស្របពេលជនរងគ្រោះពុំទាន់ដឹងថា មុខរបួសដ៏ធ្ងន់នោះ អាចសង្គ្រោះទាន់ពេលវេលាឬយ៉ាងណា?
ច្បាប់ចរាចរណ៍ថ្មី អ្នកបើកបរមានជាតិគ្រឿងស្រវឹងក៏ត្រូវមានទោសពីបទព្រហ្មទណ្ឌ ហើយម្យ៉ាងទៀតជនបង្ក ជាមន្ត្រីមុខងារសាធារណៈ ដែលមានតួនាទី និងចំណេះដឹង យល់អំពីផ្លូវច្បាប់ នៅតែបំពានបើកបរដោយស្រវឹងជោគជាំ គឺត្រូវតែទទួលនូវទោសក្នុងស្ថានទម្ងន់ ដូច្នេះ ប្រសិនបើមានការដោះលែងជនបង្ក ដូចការអះអាងមែននោះ មានន័យថា សមត្ថកិច្ច ដែលជាមន្ត្រីនគរបាលយុត្តិធម៌កំពុងតែធ្វើបំពានទៅនឹងផ្លូវច្បាប់ ។
ករណីនេះ គួរសមត្ថកិច្ចដំណើរការនីតិវិធី ដើម្បីផ្តល់ភាពយុត្តិធម៌សម្រាប់ជនរងគ្រោះ ម្យ៉ាងវិញទៀត ប្រធានសាម៉ី អង្គភាពគួរសិក្សាបុគ្គលិកលក្ខណៈមន្ត្រីរបស់ខ្លួន ស្រវឹងបើកបរ បង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ ប្រឈមនឹងបញ្ហា ទិទៀន រិះគន់ ប៉ះពាល់ដល់អង្គភាព ក្នុងកម្រិតណា ។
មកទល់នឹងពេលនេះ នគរដ្រេហ្គនមិនអាចទាក់ទងបានទេ ពីអនុប្រធានគយបង្កហេតុ ដែលគេដឹងថា ឈ្មោះ រិទ្ធ នៅរសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ ៕
សុខ ខេមរា