សត្វមាន់គ្មានរោម
សត្វមាន់គ្មានរោមត្រូវបានគេបង្កាត់ពូជបង្កើតឡើងដោយមហាវិទ្យាល័យមួយនៃប្រទេសអ៊ីស្រា្ដអែលឈ្មោះ Rehovot Agronomy Institute ក្បែរក្រុងតែលអាវីវ។ ពូជមាន់ថ្មីសមស្របទៅនឹងអាកាសធាតុនៃប្រទេសក្ដៅហើយវាក៏មិនត្រូវការម៉ាស៊ីនត្រជាក់នោះដែរ។ តែក្រុមអ្នកស្រាវជ្រាវខ្លះទិទៀនថា មាន់ប្រភេទនេះងាយមានជំងឺ មេរោគឆាប់ចាប់បាន មូសងាយខាំ ហើយងាយទទួលរងពន្លឺថ្ងៃបំផុត។
ស្រីមានក្រចកដៃវែងលើសគេ
ស្រីម្នាក់នៅឡាស់វេហ្គាស (Las Vegas) ឈ្មោះ Chris Walton បានរក្សាក្រចកដៃដោយមិនកាត់អស់រយៈពេល១៨ឆ្នាំ ហើយនាងត្រូវបានកត់បញ្ចូលឈ្មោះនៅក្នុងសៀវភៅកំណត់ត្រាប្លែកៗលើពិភពលោក ជាស្រីដែលមានក្រចកដៃវែងជាងគេនៅលើពិភពលោក។ អ្នកនាំពាក្យនៃសៀវភៅ Guinness World Records គឺលោក Stuart Claxton បាននិយាយថាលោកស្រី Chris Walton មានអាយុ៤៥ឆ្នាំ មានក្រចកដៃឆ្វេងប្រវែង ១០ហ្វីត២ និងក្រចកដៃស្ដាំប្រវែង ៩ហ្វីត៧ ។
អ្នកស្រីនិយាយថា ដោយសារតែក្រចកដៃនាងមិនអាចធ្វើខ្លួនដោយខ្លួនឯងបានឡើយ នាងនិយាយថា នាងពិបាកទាំងក្នុងការលូកហោប៉ៅ។ នាង Chris ជាអ្នកចម្រៀងនៅតាមរង្គសាល។
មនុស្សទាបបំផុតក្នុងលោក
កញ្ញា Bridgette Jordan អាយុ ២០ឆ្នាំជាជនជាតិអាមេរិកាំងពេលឈរមានកម្ពស់ ២ហ្វីត៣ ត្រូវបានគេចាត់ទុកជាមនុស្សទាបជាងគេនៅលើលោកហើយត្រូវបានគេកត់ត្រាចូលក្នុងសៀវភៅប្លែកៗលើលោក Guinness World Records។ នាងជាមនុស្សរួសរាយរាក់ទាក់ ពូកែច្រៀងរាំ ហើយនាងនិយាយថា «ខ្ញុំមានអារម្មណ៍ថា ខ្ញុំជាមនុស្សសង្ហា ខ្ញុំពេញចិត្ដជាមួយមាឌល្អិតរបស់ខ្ញុំ»។ នៅកម្ពុជាមានមនុស្សមាឌតូចៗមិនតិចជាង១០នាក់ តែមនុស្សជាច្រើនសួរថា ហេតុអ្វីបានជាគេមិនកត់ត្រាក្នុងសៀវភៅ Guinness World Records ? នៅពេលថតរឿង «នាងព្រិលស» គេប្រមូលមនុស្សមាឌល្អិតមិនតិចជាង១០នាក់ឡើយ។
ជនជាតិចិនម្នាក់ឈ្មោះ Pin Pin ដែលបានកត់ត្រាចូលក្នុងសៀវភៅ Guinness World Records ទៅហើយនោះ បានស្លាប់នៅអាយុ២១ឆ្នាំ នៅប្រទេសអ៊ីតាលីពេលដែលគាត់ទៅបង្ហាញខ្លួនតាម TV នៅទីនោះ។
មនុស្សស៊ាំនឹងសត្វពស់ លេងល្បែងពស់
អ្នកលេងប៉ាហ៊ីជនជាតិចិនម្នាក់ឈ្មោះ លូ ហ្វី (Liu Fei ) មកពីខេត្ត Jiangxi បានសម្ដែងប៉ាហ៊ីដ៏គួរឱ្យស្រៀវសាច់មួយឈុតដោយយកពស់មានពិសម្យ៉ាង ឈ្មោះ Caulifowre ញាត់ចូលក្នុងច្រមុះដែលជាទិដ្ឋភាពមួយគួរឱ្យរំភើបក្រៃលែង។ អ្នកសំដែងមានអាយុ៥២ឆ្នាំ ឈប់មានបញ្ហាជាមួយពិសពស់ទៀតហើយបន្ទាប់ពីគាត់ត្រូវបានពស់មានពិស មួយក្បាលចិកតែមិនស្លាប់រួចមក។ គាត់ស៊ាំនឹងពិសពស់ហើយត្រូវបានមនុស្សទូទៅហៅថាលោកពស់ «Mr. Snakes » ។
ភូមិក្រពើស្លូតនៅទ្វីបអាព្រិច
គេស្ទើរតែមិនជឿអំពីទំនាក់ទំនងរវាងមនុស្សនិងសត្វក្រពើនៅក្នុងភូមិមួយឈ្មោះ ប៉ា ហ្គា (Paga) នៅក្នុងទ្វីបអាព្រិកដែលនៅទីនោះក្រពើគ្រប់ក្បាលបែរជាស្លូតដូចជាសត្វជ្រូកស្រុកជាមួយនឹងមនុស្សដែរ។ មនុស្សអាចជិះក្រពើ ទាញកន្ទុយក្រពើ អង្អែលខ្នងក្រពើបានយ៉ាងសេរីដោយក្រពើគ្រាន់តែគ្រហឹមតិចតួចតែប៉ុណ្ណោះ។ នៅភូមិមួយក្នុងប្រទេសហ្កាណានេះបានក្លាយជាទីកន្លែងដ៏ប្រជាប្រិយបំផុត ហើយជាទីដែលទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើន៕
ប្រែសម្រួល៖ ម៉ែវ សាធី