ធនាគារកណ្តាលវៀតណាមបានប្រកាសថា ការរឹតបណ្តឹងកម្ចីអចលនទ្រព្យថ្មីគឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីទប់ស្កាត់ហានិភ័យនៅក្នុងវិស័យអចលនទ្រព្យនេះ។
សេចក្តីប្រកាសរបស់ធនាគារនេះបានឲ្យដឹងថា ធនាគារវៀតណាមនឹងបង្កើនទម្ងន់ហានិភ័យនៃកម្ចីពាណិជ្ជកម្មអចលនទ្រព្យពី ១៥០ទៅ ២០០ភាគរយ នៅក្នុងថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។
ធនាគារពាណិជ្ជកម្មជាច្រើនក៏នឹងត្រូវហាមប្រាមពីការប្រើប្រាស់ប្រាក់បញ្ញើក្នុងរយៈពេលខ្លីដែលលើសពី ៥០ភាគរយសម្រាប់កម្ចីរយៈពេលមធ្យម និងវែងផងដែរពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧នេះ។ អត្រាបច្ចុប្បន្ននេះមាន ៦០ភាគរយ។
សមាមាត្រនេះនឹងត្រូវកាត់បន្ថយដល់ ៤០ភាគរយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។ ការធ្វើវិសោធនកម្មនេះមិនបានដាក់កម្រិតដូចគម្រោងដើមរបស់ធនាគារកណ្តាលនោះទេ ដែលធនាគារនេះមានបំណងចង់បង្កើនទម្ងន់ហានិភ័យនៃកម្ចីអចលនទ្រព្យដល់ ២៥០ភាគរយ ហើយហាមប្រាមធនាគារជាច្រើនពីការប្រើប្រាស់ប្រាក់បញ្ញើរយៈពេលខ្លីច្រើនជាង ៤០ភាគរយសម្រាប់កម្ចីរយៈពេលវែង និងខ្លី។
កាលពីដើមក្រុមហ៊ុនអចលនទ្រព្យ និងអ្នកជំនាញផ្នែកនេះបានស្នើឲ្យធនាគារកណ្តាលកាត់បន្ថយកម្ចីអចលនទ្រព្យជាបណ្តើរៗ បើមិនដូច្នេះទេ ទីផ្សារនេះនឹងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
លោក Bui Quang Tin មកពីសកលវិទ្យាល័យ Chi Minh City Banking កាលពីខែមីនា បានជម្រុញធនាគារកណ្តាលឲ្យសហការជាមួយនឹងទីផ្សារងារ ដែលជាប់ពាក់ព័ន្ធជាច្រើននៅក្នុងការបង្កើតនូវលក្ខខណ្ឌ ដែលសមហេតុផលសម្រាប់ជាច្រកនៃការផ្តល់មូលនិធិផ្សេងៗ ដូចជាមូលនិធិអចលនទ្រព្យពិតប្រាកដ និងមូលនិធិសន្សំសម្រាប់ទិញផ្ទះជាដើម។
វិស័យអចលនទ្រព្យរបស់វៀតណាមនាពេលបច្ចុប្បន្ននេះពឹងផ្អែកទៅលើកម្ចីជាច្រើនពីធនាគារ និងមូលនិធីពីអតិថិជន។ យោងទៅតាមធនាគារកណ្តាលបានឲ្យដឹងថា កម្ចីចំពោះវិស័យនេះបានកើនឡើងស្ទើតែ ២៦ភាគរយដល់ចំនួន ១៧.៤២ពាន់លានដុល្លារសហរដ្ឋអាមេរិកកាលពីឆ្នាំមុន៕
ដោយ៖ រ័ត្ន