កាលពីថ្ងៃទី៥ ខែមិថុនា ពលរដ្ឋជប៉ុនរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងតូក្យូទាមទាឲ្យនាយករដ្ឋមន្ត្រី ស៊ីនហ្ស៊ូអាបេ ចុះចេញពីតំណែងដោយសាតែលោកអនុញ្ញាត្តិឲ្យកម្លាំងទាហានចូលរួមធ្វើសង្គ្រាមនៅក្រៅប្រទេស។
ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅមុខសភានៅរម្មណីយដ្ឋាននៅក្បែរនោះ ភាគច្រើនបាតុករជាពលរដ្ឋដែលមានវ័យចាសដោយបានលើកស្លាកបដាថា លោក អាបេ ត្រូវតែដកថយទុកឲ្យពលរដ្ឋជាអ្នកសម្រេចនយោបាយ។
អ្នកដឹកនាំបាតុកម្មឲ្យដឹងថា មានពលរដ្ឋប្រមាណ៤ម៉ឺននាក់ដង្ហែក្បួនបាតុកម្ម ។ ការមិនពេញចិត្តរបស់ពលរដ្ឋជប៉ុនកើតឡើងតាំងពីខែកញ្ញា ឆ្នាំ២០១៥ មកម៉េះក្រោយពេលសភាបានអនុម័តច្បាប់ឲ្យកម្លាំងទាហានជប៉ុនចូលរួមធ្វើសង្គ្រាមនៅក្រៅប្រទេស។
ហេតុការខាងលើកើតឡើងក្នុងពេលដែលជប៉ុនត្រៀមបោះឆ្នោតសភានៅថ្ងៃទី១០ ខែកក្កដា ខាងមុខ ។ គណបក្សប្រឆាំងជប៉ុនសង្ឃឹមថា គណបក្សកាន់អំណាចនឹងមិនទទួលបានអាសន ១២១ ក្នុងចំណោមអាសន ២៤២ក្នុងសភា ដើម្បីដឹកនាំរដ្ឋាភិបាលជាបន្តទៀតឡើយ។ នៅជប៉ុនគឺត្រូវតែមានសម្លេងគាំទ្រ ២ភាគ៣ទើបអាចបង្កើតរដ្ឋាភិបាលដោយឯកបក្សបាន។
សូមបញ្ចាក់ថា សភាបោះឆ្នោតអនុម័តតាំងពីខែកញ្ញា ឆ្នាំ២០១៥ មកនោះ ពេលនេះបានចូលជាធរមានហើយដោយនៅក្នុងច្បាប់ថ្មីនោះជប៉ុនពឹងលើកម្លាំងខ្លួនឯងក្នុងការការពារសន្ដិសុខជាតិដូចកាលមុនសង្គ្រាមលោកលើកទី២ កើតឡើង។ ហេតុផលបានធ្វើឱ្យជប៉ុនមានរដ្ឋធម្មនុញ្ញសន្ដិភាពនិយមគឺផ្ដើមចេញពីរឿងរ៉ាវអតីតកាលពី៧០ឆ្នាំមុន ពោលគឺតាំងពីជប៉ុនបានចាញ់សង្គ្រាមលោកលើកទី២ទល់នឹងអាមេរិក។ អាមេរិកដែលជាអ្នកឈ្នះសង្គ្រាមបានបង្ខំជប៉ុនឲ្យបង្កើតរដ្ឋធម្មនុញ្ញមួយដាក់កំហិតឲ្យជប៉ុនមានកម្លាំងទ័ពសម្រាប់តែការពារខ្លួនគឺមិនឲ្យចូលរួមជាមួយកម្លាំងទ័ពអន្ដរជាតិ នៅក្នុងតំបន់ឬមួយនៅក្នុងពិភពលោកនោះទេ។
គោលដៅរបស់អាមេរិកកាលណោះគឺរារាំងទប់ស្កាត់ជប៉ុនកុំឲ្យអភិវឌ្ឍកម្លាំងយោធាឆ្ពោះទៅរកនយោបាយយោធានិយមនិងនយោបាយវាតទីនិយមជាថ្មី។ លោក អាបេ បានចាប់ផ្ដើមរើបម្រះដោយមិនចង់ទុកធម្មនុញ្ញសន្ដិភាព និយម និងបន្ដស្ថិតក្រោមការការពារពីអ្នកដទៃដូចសព្វថ្ងៃនេះទេ។ ចូរកុំភ្លេចថា ជាថ្នូរនឹងធម្មនុញ្ញសន្ដិភាពនិយមកាលពី៧០ឆ្នាំមុនអាមេរិកបានចេញមុខជាអ្នកការពារជប៉ុនប្រឈមនឹងសត្រូវពីក្រៅ។ តែសម្រាប់លោក អាបេ ពឹងពាក់លើអ្នក ដទៃវាមិនងាយស្រួលដូចពឹងលើខ្លួនឯងទេ ។
ច្បាប់ថ្មីស្ដីពីវិស័យការពារជាតិបានចូលជាធរមានចាប់ពីថ្ងៃទី២៩ ខែមីនា នេះ។ ជាផ្លូវការច្បាប់ការពារជាតិថ្មីនេះនឹងអនុញ្ញាតឲ្យជប៉ុនអាចបញ្ជូនទាហានរបស់ខ្លួនទៅជួយកម្លាំងសម្ព័ន្ធមិត្ដនិងក៏អនុញ្ញាតឱ្យជប៉ុនអាចពង្រីកបេសកកម្មរបស់ខ្លួននៅក្នុងក្របខណ្ឌនៃបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិផងដែរ។ តែនៅចំពោះមុខច្បាប់ថ្មីមួយនេះបាននិងកំពុងបន្ដទទួលការប្រឆាំងយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុនពិសេសពីសំណាក់ប្រជាជនជប៉ុន ។
ការប្រឆាំងនឹងច្បាប់ថ្មីស្ដីពីវិស័យការពារជាតិបានកើតមានឡើងតាំងពីរដូវក្ដៅឆ្នាំ២០១៥ ហើយនៅចុងសបា្ដហ៍កន្លងទៅនិងនៅយប់ថ្ងៃទី២៩ ខែមីនា នេះ ក្រុមគណបក្សប្រឆាំង និងអ្នកសន្ដិភាពនិយមក៏បាននាគ្នាប្រឆាំងនឹងច្បាប់នេះ។ តែសំឡេងប្រឆាំងនៅមិនអាចកាច់បំបាក់ឆន្ទៈរបស់លោកនាយករដ្ឋមន្ដ្រីជប៉ុន ស៊ីនហ្សូ អាបេ បានឡើយហើយជាថ្មីម្ដងទៀតក្នុងថ្ងៃនេះលោក អាបេ បានចេញមុខធ្វើសន្និសីទកាសែត ដើម្បីបញ្ជាក់ពីហេតុលផលការពារជាតិដែលលោកបានបង្កើតឲ្យមានច្បាប់នេះឡើង ។
សូមជម្រាបជូនថា តាំងពីបានឡើងកាន់តំណែងនាយករដ្ឋមន្ដ្រីជាថ្មីក្នុងខែធ្នូ ឆ្នាំ២០១២ មក លោក អាបេ ដែលគេ ស្គាល់ថា ជាអ្នកជាតិនិយមម្នាក់បានបង្ហាញពីបំណងរបស់លោកក្នុងការកែប្រែច្បាប់រដ្ឋធម្មនុញ្ញសន្ដិភាពនិយមរបស់ ជប៉ុនដែលបានអនុម័តតាំងពីក្រោយសម័យសង្គ្រាមលោកលើកទី២កាលពី ៧០ឆ្នាំមុន។ លោក អាបេ ធ្លាប់បានប្រាប់ ឲ្យដឹងនៅក្នុងសារជូនពរឆ្នាំថ្មីឆ្នាំ២០១៤ ពីគម្រោងធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញសន្ដិភាពនិយមរបស់ប្រទេសឲ្យបានមុនឆ្នាំ២០២០ ។
ជាមួយនិងការសម្រេចខាងលើ ជប៉ុនបានបង្កើនការជួយដល់ប្រទេសក្នុងតំបន់អាស៊ាន ។សារព័ត៌មានជប៉ុនបានផ្សាយថា រដ្ឋាភិបាលទីក្រុងតូក្យូបានបង្កើនការផ្តល់ជំនួយដល់ប្រទេសក្នុងតំបន់អាស៊ាន ក្នុងការបង្កើនសម្ថភាពយោធា ក្នុងនោះមានប្រទេសវៀតណាមជាដើម ។
ក្រសួងការពារជាតិ និងកម្លាំងទាហានជប៉ុនបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជុំវិញ ដែនសមុទ្រចិនភាគខាងត្បូងដើម្បីធានាសន្តិសុខនៅក្នុងតំបន់នោះ ។ កម្លាំងការពារជប៉ុននឹងចូលរួមហ្វឹកហាត់សមយុទ្ធពហុភាគី ដែលរៀបចំឡើងដោយប្រទេសិឥណ្ឌូនេស៊ីគ្រោងធ្វើឡើងនៅខែមេសា ឆ្នាំ២០១៥។
ក្រៅពីនេះជប៉ុន បានបញ្ចូននាវាចម្បាំង២គ្រឿង និងនាវាមុជទឹក១គ្រឿងចូលទៅកាន់កំពង់ផែប្រទេសហ្វីលីពីននិង វៀតណាម។ នៅជាលើកទីមួយក្នុងរយៈពេល១៥ឆ្នាំកន្លងមកដែលនាវាមុជទឹក ជប៉ុនចូលដល់ប្រទេសហ្វីលីពីន ។ ចំណែកនាវាចម្បាំងពីរគ្រឿងនឹងទៅកាន់ប្រទេសវៀតណាម ។
សារព័ត៌មានជប៉ុនបានផ្សាយថា ជប៉ុនមានគម្រោងបង្កើនការជួយដល់ប្រទេសនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ បង្កើនសម្ថភាពយោធា ។ នៅក្នុងខែមេសានោះដែរ ក្រសួងការពារជាតិជប៉ុននឹងជួយហ្វឹកហាត់ដល់កម្លាំងទាហានជើងទឹកវៀតណាមក្នុងការការពារដែនទឹកប្រកបដោយប្រសិទ្ធិភាព។
សកម្មភាពរបស់ជប៉ុនកើតឡើងក្នុងពេលដែលជប៉ុនរងការចោទប្រកាន់ពី ចិនថាបានជ្រៀតជ្រេកចូលក្នុងវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង រវាងចិននិងប្រទេសក្នុងតំបន់នោះ ក្រោយពេលរដ្ឋាភិបាលទីក្រុងម៉ានីឡប្រកាសជួលយន្តហោះយាមល្បាតជប៉ុន ៥គ្រឿង ក្នុងការយាមល្បាតនៅដែនសមុទ្រដែលមានវិវាទ។មិនត្រឹមតែប៉ុណ្ណោះ ចិនបានបង្ខំជប៉ុនមិនត្រូវលើកឡើងពីបញ្ហាដែនសមុទ្រចិនភាគខាងត្បូងនៅក្នុងកិច្ចប្រជុំ G7 ដែលរៀបចំឡើងនៅក្នុងប្រទេសជប៉ុន។
សកម្មភាពរបស់ជប៉ុនកើតឡើង ក្រោយពេលដែលក្រសួងការពារជាតិអូស្ត្រាលីប្រកាសបញ្ចូននាវាចម្បាំងតំបន់វិវាទនៅដែនសមុទ្រចិនខាងត្បូង។ កាលពីថ្ងៃទី២១ ខែមីនា រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីលោកស្រី Marise Payne ប្រកាសថា រដ្ឋាភិបាលទីក្រុងខែនបឺរ៉ា នឹងបន្តបញ្ចូននាវាចម្បាំងនិងយន្តហោះចម្បាំងទៅកាន់តំបន់សមុទ្រចិនភាគខាងត្បូង។
មានប្រសាសទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយពេលដែលបានជួបពិភាក្សាជាមួយសមភាគីម៉ាឡេស៊ីលោក Hishammuddin Hussein លោកស្រីរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីបញ្ចាក់ថា «យើងបន្តបញ្ជូនយន្តហោះចម្បាំងទៅកាន់តំបន់សមុទ្រចិនភាគខាងត្បូងស្របទៅតាមច្បាប់អន្តរជាតិ»។
ក្នុងពេលជាមួយគ្នានោះរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Hishammuddin Hussein បញ្ចាក់ថា លោកមានគម្រោងសហការជាមួយសមភាគីវៀតណាម ដើម្បីពិភាក្សាស្តីអំពី សកម្មភាពរបស់ចិនដែលកាន់តែពង្រីកកម្លាំងយោធានៅដែនសមុទ្រចិនភាគខាងត្បូង ហើយគម្រាមកំហែងដល់ប្រទេសជិតខាងទៀតផង។
សកម្មភាពខាងលើរបស់អូស្ត្រាលីកើតឡើងក្រោយពេលដែលនាវាចម្បាំងហ្វីលីពិនត្រូវបាននាវាចម្បាំងចិនវាយប្រហារដើម្បរំដោះកប៉ាល់នេសាទរបស់ចិនចូលនេសាទក្នុងដែនសមុទ្រហ្វីលីពីនត្រូវត្រូវទាហានហ្វីលីពីនឃាត់។ ប៉ុន្តែនាវាចម្បាំងចិនទៅរំដោះវិញដោយជោគជ័យ។ សកម្មភាពទាំងនោះបង្ករការព្រួយបារម្ភយ៉ាងខ្លាំងពីប្រទេសក្នុងដំបន់ ៕
ប្រែសម្រួល៖ ម៉ែវ សាធី