ភ្នំពេញ៖សំណង់ផ្ទះមួយកន្លែង កំពុងធ្វើការសាងសង់ ដែលមានទីតាំងនៅផ្លូវលំ ភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋរស់នៅជិតខាងប្តឹងអាជ្ញាធរខណ្ឌខណ្ឌសែនសុខ ចុះផ្អាកជាលើកទី៣ ដោយចោទប្រកាន់ថា សំណង់ផ្ទះមួយនេះ សង់រំលោភចំណីផ្លូវសាធារណៈ។
ម្ចាស់ផ្ទះកំពុងសាងសង់ ដែលត្រូវបានប្រជាពលរដ្ឋប្តឹងអាជ្ញាធរខណ្ឌខណ្ឌសែនសុខ ចុះផ្អាកការសាងសង់ជាលើកទី៣នេះ ដោយចោទប្រកាន់ថា សង់រំលោភចំណីផ្លូវសាធារណៈនោះ មានប្តីឈ្មោះ ប៊ុន សាវឿន អាយុ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ ផុន ផល្លា អាយុ៤៥ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះកំពុងសាងសង់ខាងលើ ។
ប្តីប្រពន្ធទាំង២នាក់ ប្រាប់ឲ្យដឹងថា ពួកគាត់ទាំង ២នាក់ មិនដឹងថា មូលហេតុអ្វី បានជាអាជ្ញាធរខណ្ឌខណ្ឌសែនសុខ ចុះមកផ្អាកការសាងសង់លំនៅដ្ឋានរបស់ពួកគាត់នោះទេ ពីព្រោះនៅពេលដែលអាជ្ញាធរខណ្ឌចុះមកផ្អាកម្តងៗ មិនដែលបានបង្ហាញលិខិតចុះផ្អាកនោះឡើយ ថាមកពីមូលហេតុអ្វី ? ដែលធ្វើឲ្យពួកគាត់ទាំងអស់គ្នា មានការងឿងឆ្ងល់យ៉ាងខ្លាំង ។ ប៉ុន្តែអ្វីដែលពួកគាត់តាមដានដឹង គឺដោយសារអ្នករស់នៅជិតខាងប្តឹងចោទប្រកាន់ពួកគាត់ថា សង់ផ្ទះនៅលើចំណីផ្លូវសាធារណៈ ។ ពួកគាត់បានបន្តទៀតថាគាត់មករស់នៅទីនេះតាំងពីឆ្នាំ២០០៧ ហើយទទួលបានលិខិតកាន់កាប់ដីធ្លីកាលពីឆ្នាំ២០១០មកម្លេះ។
ដោយឡែកលោក ង៉ាន់ ប៊ន អនុប្រធានភូមិត្រពាំងរាំងថ្មី ប្រាប់ឲ្យដឹងថាពលរដ្ឋដែលកំពុងសាងសង់ផ្ទះនេះគឺរស់នៅដោយស្របច្បាប់តាំងពីយូរណាស់មកហើយៗផ្លូវនៅក្នុងភូមិនេះមិនប៉េះពាល់និងផ្លូវសាធារណៈទេ។
ពាក់ព័ន្ធទៅនិងករណីនារសៀលថ្ងៃទី៦ ខែមិនុថា ឆ្នាំ២០១៦ លោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងប្រជាពលរដ្ឋ ដោយចោទប្រកាន់ថា ក្រុមគ្រួសារមួយនេះសាងសង់ផ្ទះនៅលើចំណីផ្លូវសាធារណៈ លោកក៏បញ្ជាក្រុមការងារឲ្យទៅពិនិត្យឃើញថា សំណង់ខាងលើនេះ បានសាងសង់អត់ច្បាប់ និងឲ្យផ្អាកការសាងសង់ជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនាពេលក្រោយ៕
តុង សីហា