ខេត្តសៀមរាប៖ ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ ខណៈមេឃកំពុងភ្លៀងពេលដែលរូបគេកំពុងលេងបាល់ទាត់ជាមួយមិត្តភ័ក្រនៅកណ្តាលវាលស្រែបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅជិតនោះ។
ហេតុការរន្ទះបាញ់ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ស្លាប់នោះកើតឡើងនៅវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ក្នុងវាលស្រែមួយ ដែលមានទីតាំងស្ថិតនៅក្រុមទី១៦ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។
តាមប្រភពពីមន្រ្តីមូលដ្ឋានដែលបានចុះទៅដល់កន្លែងកើតហេតុឲ្យដឹងថា បន្ទាប់ពីមានពលរដ្ឋបានរាយការណ៍មកថា មានករណីក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ពេលដែលពួកគេកំពុងលេងបាល់ទាត់នៅវាលស្រែ ហើយពេលនោះមេឃកំពុងភ្លៀងលាយឡំនិងរន្ទះ ទើបបណ្តាលឲ្យរន្ទះបាញ់ស្លាប់ក្មេងម្នាក់ក្នុងចំណោមមិត្តភ័ក្ត្រជាច្រើននាក់ទៀត។
ប្រភពបានបន្តថា ក្រោយពីមានសេចក្តីរាយការមកនគរបាលប៉ុស្តិ៍សង្កាត់សាលាកំរើក ទើបកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុភា្លមៗ ក៏ឃើញកុមាររងគ្រោះដេកស្លាប់ពិតប្រាកដមែន។ លោកបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ម៉ាក់ ហាត់ដាវី អាយុ១៦ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ។ ប្រភពបានបញ្ជាក់បន្ថែមថា តាមការពិនិត្យសាកសពជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់សាលាកំរើក បានប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ប៊ុន រិទ្ធី