ភ្នំពេញ៖ ប្រមុខការពារជាតិកម្ពុជាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីបានថ្លែងថា កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធរួមគ្នាឡើងវិញ នៅថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីអាក់ខានមួយរយៈដោយសារបញ្ហាមេរោគកូវីដ១៩។ សម្ដេចបានថ្លែងយ៉ាងដូច្នេះប្រាប់អ្នកកាសែតបន្ទាប់ពីអញ្ជើញចូលរួមជាអធិបតីភាព សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល សាលប្រជុំ និងគម្រោងវារីវប្បកម្មអាងបង្កាត់ ពូជ និងភ្ញាស់ត្រី ក្រោមមូលនិធិសម្តេចពិជ័យសេនា ទៀ បាញ់ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។
សម្តេចឧបនាយករដ្ឋមន្ត្រីលើកឡើងថា កងទ័ពកម្ពុជា -ចិន នឹងធ្វើសមយុទ្ធ ដែលមានឈ្មោះថា «នាគមាស» រួមគ្នានាពេលខាងមុខនេះ ស្ថិតនៅបរិវេណភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំងដែលសមយុទ្ធនេះ នឹងប្រព្រឹត្តិទៅក្រោមវិធានបទជាច្រើន ជាពិសេសគឺការបោស សម្អាតគ្រាប់ មីន ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ការរក្សាសន្តិសុខនិងក្បួនធំៗ និងរបៀបសង្រ្គោះជនរងគ្រោះជួបឧបទ្ទវហេតុដោយសារគ្រោះធម្មជាតិជាដើម។
សម្តេចពិជ័យសេនាទៀ បាញ់ បានលើកឡើងផងដែរថា សមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននេះ គឺពុំមាន ការគំរាមកំហែងដល់អ្នកណា ឬប្រទេសណានោះទេ គឺធ្វើឡើងដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពរបស់កងទ័ពបន្ថែមទៀត ស្របទៅតាមការកែទម្រង់របស់រាជរដ្ឋាភិបាលក៏ ដូចជាក្រសួងការពារជាតិ។
សូមបញ្ជាក់ថា កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធ ដែលមានឈ្មោះថា «នាគមាស»នេះជាច្រើនលើកច្រើនសារមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១៦ មកម្ល៉េះ ខណៈការធ្វើសមយុទ្ធនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងគ្នា និងគ្នាឲ្យកាន់តែស្និតស្នាលបន្ថែមទៀត។
សមយុទ្ធរវាងកងទ័ពទាំងពីរនេះធ្វើឡើងលើរបៀបវារៈជាច្រើន ដូចជាការប្រឆាំង និងទប់ស្កាត់ភេរវកម្មការ សង្គ្រោះប្រជាជនដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ការរំដោះប្រជាជនចេញពីចំណាប់ខ្មាំងការបាញ់កំភ្លើងតូចធំ និងរបៀបវារៈជាច្រើនទៀត៕ ដោយ៖ សូរិយា