ភ្នំពេញ៖ វេទិការផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ ឆ្នាំ២០១៦នេះ បានផ្តោតលើប្រធានបទចំនួន៣ រួមមាន៖ ទី១ ការងារសន្តិសុខសណ្តាប់ធ្នាប់, ទី២ ការងារអនាម័យ និង ទី៣ ការងារអភិវឌ្ឍន៍មូលដ្ឋាន ក្រោមអធិបតីភាពលោកជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំនិងជាអនុប្រធានចុះជួយខណ្ឌដូនពេញនិងលោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌនិងលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌព្រមទាំងមានការចូលរួមពីប្រជាពករដ្ឋចំនួន០៤សង្កាត់ កាលពីព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៦ នៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោកហែម អានប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញបានមាន្រសាសន៍ថាវេទិកានេះគឺបានផ្តល់ឲ្យក្រុមប្រឹក្សាខណ្ឌនូវនិតិវិធីនិងជាឧបករណ៍មួយសម្រាប់លើកកំពស់គុណភាព តម្លាភាព រវាងក្រុមប្រឹក្សាខណ្ឌនិងប្រជាពលរដ្ឋដោយផ្តល់ឱកាសជូនប្រជាពលរដ្ឋយើងចូលរួមក្នុងដំណើរការអភិបាលកិច្ចរបស់ប្រឹក្សានៃរដ្ឋបាលខណ្ឌក្នុងគោលបំណងដើម្បីធានាថាតើរាល់បញ្ហាអត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យនិងដោះស្រាយនិងឆ្លើយតប(បានឬមិនបាន)គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូលក្នុងដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។ទន្ទឹមនឹងនេះក្រុមប្រឹក្សាខណ្ឌកំពុងនឹងបង្កើតបាននូវវប្បធម៌នៃការពិភាក្សានិងលើកកំពស់គណេយ្យភាពតាមបែបប្រជាធិបេតយ្យរៀងរាល់ឆមាសទី១នៃឆ្នាំនិមួយៗតាមរយៈការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនូវសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមកនិងបញ្ហាប្រឈមនានាដូចជាផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីអាទិភាពនៃការងារអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំខាងមុខនិងផ្តល់ឱកាសជូនប្រជាពលរដ្ឋដើម្បីពិភាក្សាលើរបាយការរបស់ក្រុមប្រឹក្សា និងទទួលយកអនុសាសន៍និងសំណូមពររបស់ប្រជាពលរដ្ឋដើម្បីពិភាក្សានិងឆ្លើយតបទាន់ពេល។
ជាមួយគ្នានោះដែរក៏មានប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរមួយចំនួនពីផលលំបាកពីការស់នៅរបស់ពួកគាត់ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយជូនផងដែរ។
ឆ្លើយតបនូវការលើកឡើងពីសំណើររបស់ប្រជាពលរដ្ឋ លោកគួច ចំរើន អភិបាលខណ្ឌដូនពេញ បានថ្លែងថា សព្វថ្ងៃនេះ បញ្ហាសំរាមតាមផ្ទះប្រជាពលរដ្ឋ និងនៅតាមទីសាធារណៈ មានការគ្រប់គ្រងកាន់តែបានប្រសើរហើយ អាស្រ័យដោយមានការយល់ដឹងពីប្រជាពលរដ្ឋ។ កាលពីប៉ុន្មានឆ្នាំកន្លងមក បញ្ហាសំរាមក្នុងខណ្ឌដូនពេញ គេតែងតែសង្កេតឃើញ មានការគរទុកគ្មានសណ្តាប់ធ្នាប់នៅមុខផ្ទះ និងតាមទីសាធារណៈ។
លោកអភិបាលបានបន្តទៀតថាពេលមានភ្លៀងធា្លក់ម្តងៗ គេតែងតែសង្កេតឃើញថង់សំរាមហូរតាមទឹកពាសពេញផ្លូវហើយមកកកមាត់អណ្តូងលូរ។ ប៉ុន្តែឥឡូវនេះ គេមិនឃើញមានថង់សំរាមអណ្តែតតាមផ្លូវធ្វើអោយស្ទះលូរដូចមុនទៀតទេ។ ពេលនេះ ទោះបីជាបញ្ហាសំរាមកាន់តែគ្រប់គ្រងបានល្អ ក៏រដ្ឋបាលខណ្ឌនៅតែបន្តអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋអោយកាន់តែយល់ដឹងពីការទុកដាក់សំរាមនេះជាបន្តទៀត ជាពិសេស ពីពេលវេលា ដែលខាងក្រុមហ៊ុនប្រមូលសំរាម បានកំណត់តាមផ្លូវនិងតំបន់ៗនិមួយៗ។
លោកគួច ចំរើន អភិបាលខណ្ឌដូនពេញបានបញ្ជាក់ថា បច្ចុប្បន្ន ក៍នៅតែមានប្រជាពលរដ្ឋមួយចំនួន បានយកសំរាមមកគរទុកមុខផ្ទះខុសពេលវេលាកំណត់ដែរ ដែលបញ្ហានេះ ប្រហែលជាពួកគាត់មិនទាន់ទទួលបានពត៌មានច្បាស់លាស់នៅឡើយ ឬ យ៉ាងណានោះទេ។ រដ្ឋបាលខណ្ឌ បានដាក់កំលាំងទៅណែនាំអោយបងប្អូនទាំងនោះ បានយល់ដឹងពីពេលវេលាដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់នេះ។
គួរបញ្ជាក់ថា កន្លងមកនៅតាមទីសាធារណៈមួយចំនួន ដូចជាតាមរបងវត្ត របងសាលារៀន និងតាមផ្សារជាដើម ដែលធ្លាប់តែមានគំនរសំរាម គរទុកយូរថ្ងៃនេះ ឥឡូវនេះមានការប្រមូលចេញបានទាន់ពេលវេលាហើយ ៕
ស ដារ៉ា