ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីថ្ងៃទី៣០ មីនាម្សិលមិញ បានចូលរួមប្រជុំពិភាក្សាស្តីពីនីតិវិធីនៃកិច្ចដំណើរការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រផលិតផលវិស័យកសិកម្មក្នុងទម្រង់អេឡិចត្រូនិកតាមប្រព័ន្ធបញ្ជរតែមួយក្នុងជំហានដំបូង នៅទីស្តីការក្រសួង។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រផលិតផលវិស័យកសិកម្មដែលត្រូវស្ថិតក្នុងទម្រង់អេឡិចត្រូនិកតាមប្រព័ន្ធបញ្ជរតែមួយ។
ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានពាក់ព័ន្ធទាំង៣ គឺកសិកម្ម សត្វ និងជលផល ត្រូវធ្វើការនេះជាមួយគយ និងពិនិត្យកែសម្រួលអនុក្រឹត្យលេខ១៧ ថាតើរបស់ណាត្រូវធ្វើការត្រួតពិនិត្យ (Spot Check) ហើយត្រូវដឹងពីប្រភពច្បាស់លាស់។ ការត្រួតពិនិត្យអនាម័យនិងភូតគាមអនាម័យ (SPS) គឺជាបដិការដែលត្រូវអនុវត្តតាមគោលការណ៍ស្មើភាពពាណិជ្ជកម្ម ដែលការងារនេះ មិនមែនជារបាំងគយ មិនមែនរបាំងបច្ចេកទេស តែជារបាំង SPS ដើម្បីការពារអនាម័យនិងសុខភាពសាធារណៈ ដោយមិនរារាំងដល់ការធ្វើពាណិជ្ជកម្ម។
ជានីតិវិធីគឺគយជាអ្នកឈរជើងត្រួតពិនិត្យទំនិញនៅច្រកព្រំដែន រីឯមន្ត្រីកសិកម្មពិនិត្យមើលគ្រប់លក្ខខណ្ឌវិញ្ញាបនបត្រនិងសំណាកនៅមន្ទីរពិសោធន៍ឱ្យបានត្រឹមត្រូវ ហើយសម្រាប់ក្រុមហ៊ុនណាដែលមិនគោរពតាមគោលការណ៍ SPS គឺតម្រូវឱ្យនាំទៅប្រភពដើមវិញ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ ការងារទាំងអស់គឺត្រូវតែជាអេឡិចត្រូនិក (Digital) ដើម្បីធ្វើទំនើបកម្មឱ្យរហ័សទាន់ចិត្ត ចំណេញពេលវេលា និងប្រសិទ្ធភាពការងារខ្ពស់។ ការដាក់ចូលបញ្ជរតែមួយនេះ ត្រូវធ្វើឱ្យរួចរាល់នៅក្នុងឆ្នាំ២០២៣៕ដោយ៖ស តារា