ខេត្តប៉ៃលិន ៖ បុរសជាប្តីអ្នកបើកបររថយន្តម្នាក់បានស្លាប់នៅក្នុងរថយន្ត ខណៈពេលបើករថយន្តធ្លាក់ចូលទៅក្នុងទឹកស្រះ និងអ្នករួមដំណើរម្នាក់ទៀតជាភរិយារងរបួសធ្ងន់ ហើយត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ខណៈជនរងគ្រោះបើកបរក្នុងល្បឿនលឿនត្រង់ចំណុចផ្លូវកោង លុះបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកបង្គោលខឿនបាក់អស់២ដើម រួចក៏ជ្រុលធ្លាក់ចូលទៅក្នុងស្រះទឹកតែម្តង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៥និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវកោង ស្ថិតក្នុងដីស្អិត ឃុំស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹង ជនរងគ្រោះខាងលើ ទី១- ឈ្មោះ ម៉ៅ ណារិន ភេទប្រុស អាយុ៦៥ឆ្នាំ ជាអ្នកបើកបរបានឈ្លក់ទឹកស្លាប់នៅក្នុងរថយន្ត និងទី២- ឈ្មោះ អេង ស្រស់ ភេទស្រី អាយុ៣៥ឆ្នាំ ជាអ្នករួមដំណើរ រងរបួសធ្ងន់។ ជនរងគ្រោះទាំងពីរនាក់ ស្នាក់នៅក្នុងភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ព័ត៌មានបឋម បានបញ្ជាក់ថា, អ្នកទាំង២ ជាប្តី ប្រពន្ធនឹងគ្នា។
បើតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា កាលពីវេលាម៉ោង០៤និង០០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះខាងលើ ធ្វើដំណើរចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបើកបររថយន្តម៉ាក FRONTER ពណ៌ស ពាក់ស្លាកលេខ ប៉ៃលិន 2A – 4031 ឆ្ពោះទៅខេត្តប៉ៃលិន។
ប្រភពដដែលបញ្ជាក់ថា លុះមកដល់ចំណុចកើតហេតុ នៅវេលាម៉ោង ៥និង៥០នាទីព្រឹកថ្ងៃដដែល ដោយកត្តាផ្លូវកោងខ្លាំងពេក ហើយរថយន្តមានល្បឿនលឿនផងនោះ ក៏ជ្រុលទៅបុកបង្គោលឃឿនផ្លូវបាក់អស់ចំនួន២ដើម ហើយក៏បន្តទៅធ្លាក់ចូលក្នុងទឹកស្រះលិចបាត់តែម្តងទៅ បណ្តាលឱ្យអ្នកភូមិនាំគ្នាអូសរថយន្តចេញពីក្នុងទឹក ដើម្បីជួយសង្គ្រោះ ប៉ុន្តែជាអកុសលអ្នកបើកបរម្នាក់បានស្លាប់បាត់ទៅហើយ ចំណែកជនរងគ្រោះម្នាក់ទៀតរងរបួសធ្ងន់ ត្រូវគេយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងខាងលើនេះ សមត្ថកិច្ចមិនទាន់មានការបញ្ជាក់ពីរបាយការណ៍ឲ្យបានច្បាស់លាស់នៅឡើយទេ។ មានន័យថាជនរងគ្រោះដែលស្លាប់ គ្រាន់តែដឹងដំណឹងបឋមថាជាស្វាមី ហើយស្ត្រីរងគ្រោះជាភរិយា។ ប៉ុន្តែករណីខ្លះបានបញ្ជាក់ថា , អ្នកបើកបរជាបុរស បានស្លាប់, ចំណែកឯស្ត្រីរួមដំណើរម្នាក់រោងរបួសធ្ងន់ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តប៉ៃលិន។ ៕
ដោយ : សិលា