ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តស៊េរីទំនេីបម៉ាកMAZDA PICK UP យ៉ាងលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅចំណុចភ្លើងស្តុបក្រសួងមហាផ្ទៃ បណ្ដាលឱ្យបាក់អស់២កង់ រីឯរថយន្តបង្កដាច់កាឡេមុខម្ខាងរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ
បានកេីតឡេីងកាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុនោះ គេឃើញរថយន្តម៉ាក MAZDA PICK UP មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AT-8662 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដមពីត្បូងទៅជេីងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន២ផ្ទាំង ខណៈ១ផ្ទាំងខ្ទាតមកចិញ្ចេីមផ្លូវម្ខាងទៀតពិបាកដល់អ្នកដំណេីរតាមផ្លូវ ។ រីឯរថយន្តបង្កបានដាច់កាឡេកង់ម្ខាងអូសជាច្រេីនម៉ែត្រទេីបឈប់ ដោយម្ចាស់រថយន្តបង្កបានបើកទ្វារចុះពីរថយន្តគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ឱ្យចុះមកធ្វេីការវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ