ខេត្តបាត់ដំបង៖ ទីបំផុត! កម្លាំងសមត្ថកិច្ចនគរបាលស្រុកថ្មគោល បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបនិងឃាត់ខ្លួនបុរសម្នាក់ ក្រោយបែកគំនិតច្រកទឹកក្នុងពិដុងលាយជាមួយប្រេងម៉ាស៊ូតដើរលក់ឱ្យអ្នកស្រុកបានចំនួន០៤ ដង រហូតជនរងគ្រោះដឹងក៏ប្ដឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។ នេះបេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី១០ ខែមិថុនា ឆ្នាំ២០២៣។
មន្រ្តីនគរបាលខេត្ត បានឱ្យដឹងទៀតថា លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល កាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនបាន នៅចំណុចវាលឆ្កែលិតក្នុងភូមិអូរពងមាន់ ឃុំតាគ្រាមស្រុកបាណន់ ជាប់ភូមិសាស្រ្តជាមួយស្រុកថ្មគោលដោយមាននគរបាលស្រុកបាណន់ដឹកនាំដោយលោកវរសេនីយ៍ទោសំ វីរះជាអធិការនគរបាលស្រុកក្នុងខណៈដែលបុរសរូបនោះកំពុងដឹកពិដុងប្រេងចំនួន ០៤ពីដុង (ច្រកទឹកលាយប្រេងម៉ាស៊ូត) ស្វែងរកអ្នកទិញក្នុងរូបភាពបន្លំបោកប្រាស់ នៅចំណុចខាងលេី ។
បុរសរូបនោះ ឈ្មោះ គុណ សុខហេង ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិព្រៃទទឹងឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបាននាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដោយមានពិដុងប្រេងចំណុះ ៣០លីត្រចំនួន ០៤ពីដុង និងម៉ូតូចំនួន០១គ្រឿងជាមធ្យោបាយ។
សូមជម្រាបជូនថា កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៣ នគរបាលស្រុកថ្មគោលបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះឈ្មោះ ឆេង ហ៊ឹម ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្ត បាត់ដំបង ថាកាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៣វេលាម៉ោង១៨និង២០នាទី នៅចំណុចភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ក្រហមយកប្រេងម៉ាស៊ូត មកលក់ឱ្យខ្លួនចំនួន ០២ពីដុងចំណុះ៣០លីត្រ ក្នុងទឹកប្រាក់ចំនួន ១៨ម៉ឺនរៀលដោយបុរសរូបនោះបញ្ជាក់ថា ប្រេងនេះគឺគេបានពីក្រុមហ៊ុនការដ្ឋានសំណង់ខណៈរូបគេជាអ្នកបញ្ជាគ្រឿងចក្រ ទើបលក់ក្នុងតម្លៃធូរថ្លៃឱ្យ ។ ក្រោយប្រគល់ ប្រាក់រួចបុរសរូបនោះបានជិះទៅបាត់ទៅ លុះអ្នកទិញយកប្រេងមកដល់ផ្ទះបើកពិនិត្យមើលប្រេង ទេីបដឹងថាបុរសរូបនោះបន្លំ ដាក់ប្រេងម៉ាស៊ូតពីលើបន្តិចហើយនៅខាងក្រោមសុទ្ធតែទឹកទាំងអស់ ទេីបមកដាក់ពាក្យបណ្តឹងនៅកន្លែងសមត្ថកិច្ចអំពីរឿងនេះ។
ទទួលបានពាក្យបណ្តឹងនេះ សមត្ថកិច្ចនគរបាលធ្វើការសា្រវជ្រាវរហូតកំណត់ភិនភាគមុខសញ្ញា និងបានជួបប្រទះ នៅចំណុចខាងលើ ខណៈដែលរូបគេកំពុងដឹកពិដុងប្រេងលាយទឹកចំនួន០៤ពិដុងទៀត ដើរលក់ឱ្យអ្នក ភូមិនៅចំណុចនោះ។
ក្រោយឃាត់ខ្លួនជនសង័្សយបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពបែបនេះ បានចំនួន ០៤លើក រួចមកហើយ មុនពេលដែលសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួននៅពេលនេះ ហើយក្រោយសាកសួររួច សមត្ថកិច្ចនគរបាលស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនរូបគេនិងវត្ថុតាងមកកាន់ការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធីច្បាប់៕ដោយ៖សហការី