ខេត្តបាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនស្ត្រីម្នាក់ សង្ស័យបង្កើតអាខោនហ្វេសបុកជេរ
សេចក្តីរាយការណ៍បានឲ្យដឹងថា ស្រ្តីម្នាក់ឈ្មោះ ប៉ាង ស៊ីណា ៣៥ឆ្នាំ មុខរបរចុងភៅម្ហូបការ រស់នៅភូមិថ្មី ឃុំទ្រាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានរងការចាប់ខ្លួនពីកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ពាក់ព័ន្ធជាមួយការប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុកជេរប្រមាថសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ។
សមត្ថកិច្ចបញ្ជាក់ថា អាខោនដែលជេរប្រមាថថ្នាក់ដឹកនាំនោះ ឈ្មោះ ស៊ីណា នាគមាស បានបង្ហោះពាក្យពេជន៍ជេរប្រមាថថ្នាក់ដឹកនាំធ្វើឲ្យបាត់បង់កិត្តិយសរបស់ថ្នាក់ដឹកនាំ ។
នៅចំពោះមុខសមត្ថកិច្ច ស្រ្តីសង្ស័យ ប៉ាង ស៊ីណា បានបញ្ជាក់ថា រូបគាត់មិនបានជេរប្រមាថថ្នាក់ដឹកនាំនោះទេ ។ គាត់បានបន្តលើកឡើងថា ទូរស័ព្ទគាត់បានបាត់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ លុះក្រោយមកមិនយូរប៉ុន្មាន ស្រាប់តែឃើញ មានគេយកអាខោនហ្វេសប៊ុករបស់គាត់ទៅប្រើប្រាស់ ជេរប្រមាថថ្នាក់ដឹកនាំ ។
បច្ចុប្បន្ន ស្ត្រីសង្ស័យកំពុងស្ថិតក្រោមការសាកសួរបស់ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបង ៕
ដោយ៖ សំ វិច្ឆិកា