ភ្នំពេញ៖ របាយការណ៍ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រឿងអេឡិចត្រូនិក បានកើនឡើងគួរឱ្យសម្គាល់ ,បើទោះបីជាការនាំចេញផលិតផលកាត់ដេរ សំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ដែលជាទំនិញនាំចេញសំខាន់របស់កម្ពុជា បានថយចុះ។
ជាក់ស្ដែងរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ក្នុងរយៈពេល ៦ខែឆ្នាំ២០២៣នេះ ការនាំចេញគ្រឿងអេឡិចត្រូនិក មានទឹកប្រាក់ប្រមាណ ១ ៤៤០ លានដុល្លារ កើនឡើង១.៣ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ដដែល បានគូសបញ្ជាក់ថា៖ ការនាំចេញបានថយចុះ ២,១ភាគរយ ជាចម្បងដោយសារការថយចុះការនាំចេញទោចក្រយាន ៣០,៥ភាគរយ ផលិតផលកាត់ដេរ ១៨,៤ភាគរយ និងកៅស៊ូ ៩,៨ភាគរយ ខណៈដែលមុខទំនិញផ្សេងទៀតបានកើនឡើងរួមមាន គ្រឿងអេឡិចត្រូនិក កើនឡើង១,៣ដង និងអង្ករ កើនឡើង ១២,៤ភាគរយ។
ជាមួយគ្នានោះ បើតាមការបញ្ជាក់ពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហេង សុខគង់ បានលើកឡើងថា ការនាំចេញផលិតផលមិនមែនកាត់ដេរមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ឆ្លុះបញ្ជាំងពីប្រសិទ្ធិភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា។
អ្នកនាំពាក្យក្រសួងរូបនេះ បានថ្លែងបញ្ជាក់បន្ថែមថា គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ បានជំរុញការវិនិយោគលើបច្ចេកវិទ្យាក្នុងសង្វាក់ផលិតកម្ម និងជំរុញការនាំចេញផលិតផលមិនមែនកាត់ដេរកើនឡើងខ្ពស់៕ដោយ៖សហការី