ដូចដែលបានឃើញក្នុងរូបភាពនេះ ប្រសិនអ្នកជិះម៉ូតូមិនប្រយ័ត្នទេ អាចប្រឈមនឹងគ្រោះថ្នាក់ រហូតរបួស ឬបាត់បង់ជីវិតទៅតាមល្បឿនម៉ូតូ ។ រូបភាពនេះត្រូវមិត្តអ្នកអានចែកចាយបន្តគ្នានៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក ដោយគេគ្រាន់តែប្រាប់ថា វាស្ថិតនៅលើកំណាត់ផ្លូវព្រះមុនីរ៉េត ម្តុំផ្សារដើមគ ។
អ្វីដែលខ្ញុំបាទ ក្នុងនាមមិត្តអ្នកអានម្នាក់ ចាប់អារម្មណ៍នោះគឺផ្លូវជង្ហុកតូចមួយនេះ អាចបង្កគ្រោះថ្នាក់ខ្លាំងណាស់ ។ នៅក្នុងស្ថានភាពផ្លូវរាបស្មើ ស្រាប់តែមានជង្ហុកនៅពីមុខបែបនេះ គឺនឹងបង្កគ្រោះថ្នាក់ដល់អ្នកដែលជិះម៉ូតូ ។ ប្រសិនបើអ្នកកំពុងតែបើកបរក្នុងល្បឿនលឿន ជង្ហុកជ្រៅបែបនេះ ធ្វើឲ្យអ្នកជិះម៉ូតូដួលប្រកាច់ប្រកិន ព្រោះតែមិនអាចគ្រប់គ្រងចង្កួតម៉ូតូបាន ។ មិនតែប៉ុណ្ណោះ នៅពេលដែលជិះលឿន បើទោះបីចង់គេច ក៏លំបាកនឹងគេចដែរ ។
នៅរដូវវស្សា មិនមែនមានជង្ហុកតែមួយកន្លែងនេះទេ ។ តាមផ្លូវនានាក្នុងរាជធានីភ្នំពេញ សុទ្ធតែមានជង្ហុករបៀបនេះ ។ អាជ្ញាធរខណ្ឌអាចបើកយុទ្ធនាការក្នុងការលុបជង្ហុកតូចៗ ដូចដែលឃើញក្នុងរូបភាពនេះ ដោយមិនចាំបាច់ មានបញ្ជាពីថ្នាក់លើ ឬក៏ចំណាយថវិកាច្រើនសន្ធឹកសន្ធាប់ឡើយ ។ អាចនិយាយបានថា ត្រឹមតែស៊ីម៉ង់ត៍កន្លះបាវ ក៏លុបជង្ហុកបែបនេះបានដែរ ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់