ភ្នំពេញ ៖ បុរសម្នាក់បានដាច់ចិត្តសម្លាប់នារីដែលជាសង្សាររបស់ខ្លួនដោយយកអាវខ្ទប់ច្រមុះបណ្តាលឱ្យស្លាប់នៅលើឥដ្ឋការ៉ូ រួចបានយកខ្សែមកចងកសម្លាប់ខ្លួនឯងតាមក្រោយនៅនឹងធ្នឹមបន្ទប់ទឹកស្លាប់ទាំង២នាក់រហូតធុំក្លិនស្អុយផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង០៩ និង០០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឱ្យដឹងថា សពជនរងគ្រោះទី១ មានឈ្មោះ ស្រី ពៅ ភេទស្រី អាយុ១៨ឆ្នាំ ជាបុគ្កលិកធ្វើការនៅKTV មួយកន្លែង និងសពជនរងគ្រោះទី២មានឈ្មោះ ដារ៉ូ ភេទប្រុស អាយុ២៤ឆ្នាំ ធ្វើការនៅKTVជាមួយនឹងនារីជាសង្សារ។
បេីតាមប្រភពពីស្ត្រីម្នាក់ដែលជាសាច់ញាតិរបស់នារីរងគ្រោះបានប្រាប់ឱ្យដឹងថា នារីរងគ្រោះខាងលើបានសុំមកលេងផ្ទះអ្នកស្គាល់គ្នាកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ។ លុះបានពីរថ្ងៃបាត់ដំណឹងមិនឃើញក្មួយរបស់ខ្លួនត្រលប់មកផ្ទះវិញ ក៏បានទៅទំនាក់ទំនងជាមួយមេការខារ៉ាអូខេដែលនារីរងគ្រោះធ្វើការនិងបាននាំសាច់ញាតិមករកមើលនៅផ្ទះជួលបុរសដែលជាសង្សាររបស់នារីរងគ្រោះ ។ ពេលដែលនាំគ្នាឡើងទៅគោះទ្វារបន្ទប់តែគ្មានអ្នកឆ្លើយដោយជាប់គន្លឹះពីខាងក្នុងក៏បានដាក់ជណ្តើរឡើងអើតមើលតាមប្រហោងឥដ្ឋខ្យល់ស្រាប់តែឃើញបុរសនារីដែលជាគូសង្សារបានស្លាប់ទាំង២នាក់ ម្នាក់ដែលជានារីស្លាប់លើឥដ្ឋការ៉ូ និងម្នាក់ដែលជាបុរសបានចងកស្លាប់នៅមាត់បន្ទប់ទឹក ។ ពេលដឹងថាមានមនុស្សស្លាប់ក្នុងបន្ទប់ជួលបែបនេះ ក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋមកចោមរោមមើលនិងរាយការណ៍ជូនសមត្ថកិច្ចអោយចុះមកទីតាំងកើតហេតុ។
ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់ឱ្យដឹងថា ករណីខាងលើនេះជាករណីឃាតកម្ម ដោយបុរសជាសង្សារបានយកអាវមកខ្ទប់ច្រមុះនារីរងគ្រោះបណ្តាលឱ្យថប់ដង្ហើមរហូតដល់ស្លាប់ រួចបានយកខ្សែទៅចងកសម្លាប់ខ្លួនឯងតាមក្រោយនៅមាត់ទ្វារបន្ទប់ទឹក ដោយនៅលើសពមានស្នាមប្រតាយប្រតប់គ្នាបានបន្សល់ស្នាមម្រាមដៃនារីរងគ្រោះទៅលើសពបុរសដែលជាសង្សាររបស់ខ្លួន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកកុសល្យវិច័យបានចុះមកពិនិត្យសពគូសង្សារទាំង២នាក់ខាងលើនិងបានធ្វេីកំណត់ហេតុប្រគល់សព ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ