សង្ស័យកេីតចេញពីភ្លើងប្រចណ្ឌ​! បុរសម្នាក់បានសម្លាប់នារីជាសង្សាររបស់ខ្លួនរួចយកខ្សែចងកសម្លាប់ខ្លួនឯងតាមក្រោយ

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់បានដាច់ចិត្តសម្លាប់នារីដែលជាសង្សាររបស់ខ្លួនដោយយកអាវខ្ទប់ច្រមុះបណ្តាលឱ្យស្លាប់នៅលើឥដ្ឋការ៉ូ​ រួចបានយកខ្សែមកចងកសម្លាប់ខ្លួនឯងតាមក្រោយនៅនឹងធ្នឹមបន្ទប់ទឹកស្លាប់ទាំង២នាក់រហូតធុំក្លិនស្អុយផ្អើលដល់អ្នកភូមិ​កាលពីវេលាម៉ោង០៩ និង០០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

​    ប្រភពព័ត៌មានបានឱ្យដឹងថា​ សពជនរងគ្រោះទី១ មានឈ្មោះ ស្រី ពៅ ភេទស្រី អាយុ១៨ឆ្នាំ​ ជាបុគ្កលិកធ្វើការនៅKTV មួយកន្លែង​ និងសពជនរងគ្រោះទី២មានឈ្មោះ​ ដារ៉ូ ភេទប្រុស​ អាយុ២៤ឆ្នាំ​ ធ្វើការនៅKTVជាមួយនឹងនារីជាសង្សារ​។
​    បេីតាមប្រភពពីស្ត្រីម្នាក់ដែលជាសាច់ញាតិរបស់នារីរងគ្រោះបានប្រាប់ឱ្យដឹងថា​ នារីរងគ្រោះខាងលើបានសុំមកលេងផ្ទះអ្នកស្គាល់គ្នាកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ។ លុះបានពីរថ្ងៃបាត់ដំណឹងមិនឃើញក្មួយរបស់ខ្លួនត្រលប់មកផ្ទះវិញ ក៏បានទៅទំនាក់ទំនងជាមួយមេការខារ៉ាអូខេដែលនារីរងគ្រោះធ្វើការនិងបាននាំសាច់ញាតិមករកមើលនៅផ្ទះជួលបុរសដែលជាសង្សាររបស់នារីរងគ្រោះ​ ។ ពេលដែលនាំគ្នាឡើងទៅគោះទ្វារបន្ទប់តែគ្មានអ្នកឆ្លើយដោយជាប់គន្លឹះពីខាងក្នុងក៏បានដាក់ជណ្តើរឡើងអើតមើលតាមប្រហោងឥដ្ឋខ្យល់ស្រាប់តែឃើញបុរសនារីដែលជាគូសង្សារបានស្លាប់ទាំង២នាក់ ម្នាក់ដែលជានារីស្លាប់លើឥដ្ឋការ៉ូ និងម្នាក់ដែលជាបុរសបានចងកស្លាប់នៅមាត់បន្ទប់ទឹក​ ។ ពេលដឹងថាមានមនុស្សស្លាប់ក្នុងបន្ទប់ជួលបែបនេះ​ ក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋមកចោមរោមមើលនិងរាយការណ៍ជូនសមត្ថកិច្ចអោយចុះមកទីតាំងកើតហេតុ។
​    ជាមួយគ្នានោះ​ លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ​ បានប្រាប់ឱ្យដឹងថា ករណីខាងលើនេះជាករណីឃាតកម្ម​ ដោយបុរសជាសង្សារបានយកអាវមកខ្ទប់ច្រមុះនារីរងគ្រោះបណ្តាលឱ្យថប់ដង្ហើមរហូតដល់ស្លាប់ រួចបានយកខ្សែទៅចងកសម្លាប់ខ្លួនឯងតាមក្រោយនៅមាត់ទ្វារបន្ទប់ទឹក ដោយនៅលើសពមានស្នាមប្រតាយប្រតប់គ្នាបានបន្សល់ស្នាមម្រាមដៃនារីរងគ្រោះទៅលើសពបុរសដែលជាសង្សាររបស់ខ្លួន។
​     ក្រោយពេលកើត​ហេតុ សមត្ថកិច្ចជំនាញផ្នែកកុសល្យវិច័យបានចុះមកពិនិត្យសពគូសង្សារទាំង២នាក់ខាងលើនិងបានធ្វេីកំណត់ហេតុប្រគល់សព​ ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print