ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ តំណាងសម្ដេចវិបុលសេនា ភក្តី សាយ ឈុំ បានចូលរួម សម្ភោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា វត្តតាំងក្រសាំងខាងជើង ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បីចូលរួមចំណែកបម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដោយចំណាយថវិកាដែលបានមកពីការចូលរួមពីសប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយសរុបថវិកាចំនួន ៥៤៦,៤៤៤ដុល្លារអាមេរិក កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នំា២០១៦ នេះ។
...
សមិទ្ធផលនានាដែលកើតឡើងពីសទ្ធាជ្រះផ្លា ចូលរួមពីពុទ្ធបរិស័ទនៅវត្ដតំាងក្រសាំងខាងជើងនេះ រួមមានក្លោងទ្វា, របង, កុដិ, សាលាឆន័, សាលាធម្មសភា, រូបសំណាក់សត្វឆ្នំាទំាង១២, បង្គោលភ្លើង, អណ្ដូងទឹកស្អាត និងផ្លូវចាក់បេតុងក្នុងទីធ្លាវត្ដជាដើម។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ រាល់សមិទ្ធផលទាំងអស់នេះគឺសម្រាប់បម្រើឲ្យដល់សេចក្ដីត្រូវការរបស់បងប្អូនដែលកាន់ព្រះពុទ្ធសាសនា សម្រាប់គោរព្ធប្រតិបត្ដិតាមជំនឿ និងទំនាមទម្លាប់ ទាំងអស់គ្នា ដូច្នេះហើយសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមជួយថែរក្សាសមិទ្ធផលទាំងអស់នេះ ជាពិសេសជួយថែរក្សាឲ្យបាននូវស្ថេរភាព សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ដែលខិតខំកសាងឡើងដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រោះបើគ្មានសន្តិភាព ក៏មិនមានការអភិវឌ្ឍនោះដែរ ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋប្រសិនបើសាសនាលិចលុងការដឹកនាំប្រទេសជាតិក៏មិនអាចទៅរួចដែរ។ សាសនាមានការរីកចម្រើនប្រទេសជាតិក៏មានការរីកចម្រើនតាមនោះដែរ កត្ដាទាំងអស់នេះវាអាស្រ័យទៅលើពុទ្ធបរិស័ទមានជីវភាពធូរធារផងដែរ។ សមិទ្ធផលនានា ដែលបានកើតមានឡើងនៅទីអារាមនៃវត្ដតំាងក្រសាំងខាងជើងនេះក៏អាស្រ័យដោយមានការឯកភាពចូលរួមពីព្រះសង្ឃបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ដគោរព្ធស្រលាញ់វិស័យព្រះសាសនាទើបសមិទ្ធផលនានាត្រូវបានក៏កើតឡើងយ៉ាងច្រើននៅទីនេះទុកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយៗគោរព្ធប្រតិបត្ដិបូរជាតាមប្រពៃណីដ៏ផូរផង់របស់យើង ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ ការជួបជុំគ្នានាពេលនេះគឺបានបង្ហាញឲ្យឃើញពីការរួបរួមសាមគ្គី ឯកភាព ទាំងពុទ្ធចក្រ ទាំងអណាចក្រ បង្កើតបានជាកម្លាំងសរុបមួយដ៏ធំធេងក្នុងចំណោមពុទ្ធបរិស័ទ ប្រជាពលរដ្ឋឈានទៅរួមគ្នាថែរក្សាការពារ លើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា និងរួមចំណែកការអភិវឌ្ឍប្រទេសជាតិ។
លោកបន្តថា ៖ យើងទាំងអស់គ្នាពិតជាជ្រាបច្បាស់ថា ព្រះពុទ្ធសាសនា គឺជាសាសនាមួយដែលបានដើរតួយ៉ាងសំខាន់នៅក្នុងសង្គមរបស់យើង ជាយូរលង់ណាស់មកហើយ។ ព្រះពុទ្ធសាសនាបានប្រមូលផ្គុំបាននូវកម្លាំងប្រកបដោយសីលធម៌ល្អ ផ្តល់ឲ្យសង្គមយើងទាំងមូល បង្កលក្ខណៈងាយស្រួលដល់កិច្ចកសាង ប្រទេស ជាតិ។ ព្រះពុទ្ធសាសនា បានដិតជាប់ក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរតរៀងមក ដោយគ្រាន់តែមានការរីកចម្រើន ឬធ្លាក់ចុះទៅតាម សភាព ការណ៍នៃប្រទេសជាតិតែប៉ុណ្ណោះ។ ស្ថិតក្នុងទិដ្ឋភាពបែបនេះ ទើបប្រជាពលរដ្ឋ បានរួមគ្នាកសាងវត្តអារាមនានាជាច្រើននៅទូទាំងប្រទេសទុកជាទីសក្ការបូជា។
លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជាក់ថា៖ វត្តតំាងក្រសាំងខាងជើង នេះកាលដើមឡើយ ជាទីទំនាប ដុះព្រៃរបោះ មានអូរថ្លុកតូចធំ និងមានស្រះមួយយ៉ាងធំ សម្បូរដោយកំប្លោក និងចក ដែលមានទឹកខួបប្រាំងខួបវស្សា ។ ដោយពិនិត្យលើទិដ្ឋភាពជាក់ស្តែងបែបនេះ គឺមានភាពស្មុគស្មាញ មិនសាកសមជាកន្លែងសម្រាប់ ពុទ្ធបរិស័ទមកគោរព្ធបូជា តាមប្រពៃណីសាសនា ទើបពុទ្ធបរិស័ទចំណុះជើងវត្ដនាំគ្នាចូលរួមកសាង នៅតំបន់នេះ ដោយប្រមូលផ្តុំកម្លាំង និងសទ្ធាជ្រះថ្លារៀងៗខ្លួន ហើយពុះពារគ្រប់ការលំបាកប្រែក្លាយទីនេះ ឲ្យទៅជាវត្តមួយសាកសមជាកន្លែងគោរព្ធបូជា ដែលមកដល់ពេលនេះមានអាយុកាល១០៥ឆ្នាំហើយ ។
ក្នុងឱកាសនោះដែរលោក ប៉ា សុជាតិវង្ស ក៏បាននាំយកបច្ច័យជាសម្ភារៈ ស៊ីុម៉ង់ ២០តោន និងថវិកាចំនួន ២.៥០០ដុល្លារមកប្រគេណព្រះសង្ឃឆ្លើយតបតាមសំណូមពរ និងតាមសំណើរបស់គណៈកម្មាធិការវត្ដតំាងក្រសាំងខាងជើងនេះ ដើម្បីយកបច្ច័យទាំងនេះទៅកសាងសំណង់ ដែលនៅសេសសល់មិនទាន់កសាងរួចរាល់នៅឡើយនោះ ៕
ដោយ៖ សំរិត
...