ភ្នំពេញ ៖ នៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថាមានការចែករំលែកនិងផ្សព្វផ្សាយរូបភាពហិង្សានិងឃាតកម្មនៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត, សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទកុំបន្តចែករំលែកនិងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្តនិងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ។ នេះជាការអំពាវនាវរបស់លោក នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការផ្សព្វផ្សាយបែបនេះ បង្ហាញពីភាពរន្ធត់ តក់ស្លុត ប៉ះពាល់ដល់អារម្មណ៍ជនរងគ្រោះ និងសង្គមដ៏ស្អាតស្អំរបស់យើងផងដែរ។
លោករដ្ឋមន្ត្រីមានប្រសាសន៍តាមផេកផ្លូវការថា ៖ ចំពោះបងប្អូនអ្នកសារព័ត៌មាន សូមគោរពគោលការណ៍នៃក្រមសីលធម៌ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា។ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះនិងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពដល់ជនរងគ្រោះផង! ៕