ប្រធានាធិបតីថ្មីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានប្រកាសថាលោក និងស្នើឲ្យមានកិច្ចពិភាក្សាជាមួយចិនស្តីអំពីវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង។ ពិសេសគឺទៅលើសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តលអន្តរជាតិ។ ទាំងនោះជាទស្សនយោយោគរបស់មេដឹកនាំថ្មីហ្វីលីពីនដែលទើបតែចូលកាន់តំណែងបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។
តាមការប្រកាសតុលាការទីក្រុងឡាអេនឹងសម្រេចនៅថ្ងៃទី១២ខាងមុខ ប៉ុន្តែគេមិនទាន់ដឹងថា សម្រេចយ៉ាងម៉េច ចំពោះបណ្តឹងរបស់ហ្វីលីពីនប្តឹងចិនស្តីពីជម្លោះនៅសមុទ្រចិនខាងត្បូង។ តែនៅថ្ងៃអង្គារ ទី៥ ខែកក្កដា និងមួយសប្តាហ៍មុននឹងសេចក្តីសម្រេចរបស់តុលាការក្រុងឡាអេធ្លាក់មកលោកប្រធានាធិបតីហ្វីលីពីនរ៉ូឌ្រីហ្គោ ឌុយទែរតេបានស្នើទៅចិនជាមុនថា ហ្វីលីពីនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកកិច្ចចរចាជាមួយចិនលើ សេចក្តីសម្រេចចិត្តនោះ។ សេចក្តីសម្រេចចិត្តដែលលោកឌុយទែរតេមានសុទិដ្ឋិនិយមថា ហ្វីលីពីនមានប្រៀបលើចិន។
ទស្សនរបស់បធានាធិបតីថ្មីអាតីតប្រធានាធិបតីអាគីណូ ដែលជ្រើសយកការប្រឈមមុខដាក់ចិន លោកឌុយទែរតេបានបញ្ជាក់ថា លោកចង់បន្តរក្សាទំនាក់ទំនងមិត្តភាពជាមួយក្រុងប៉េកាំង។ គួរជម្រាបជូនថានៅក្នុងជំនាន់លោកអាគីណូ ហ្វីលីពីនបានរត់ទៅរកអាមេរិកឲ្យជួយ ដោយបានចុះហត្ថលេខាជាមួយក្រុងវ៉ាស៊ីនតោនលើសន្ធិសញ្ញាថ្មីស្តីពី វិស័យការពារ និងបានប្តឹងចិនទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិក្រុងឡាអេក្នុង ឆ្នាំ២០១៣។ ទន្ទឹមគ្នានេះ លោកអាគីណូ បានបដិសេធរាល់ការចរចាដោយផ្ទាល់ជាមួយចិនដែលលោកយល់ថា ហ្វីលីពីនចាញ់ព្រាបចិនរួចជាស្រេច។
តែចំពោះលោកឌុយទែរតេវិញ លោកបានបើកទ្វារចរចាជាមួយចិន ព្រមទាំងត្រៀមខ្លួនដើម្បីចែកផលប្រយោជន៍ធនធានធម្មជាតិដែលមាននៅក្នុងសមុទ្រចិនខាងត្បូងជាមួយចិនទៀតផង។ ចិនដែលនៅមិនទាន់បានឆ្លើយតបយ៉ាងណាចំពោះសំណើចរចារបស់ហ្វីលីពីននៅឡើយទេ។ តែប៉េកាំងបានបញ្ចេញប្រតិកម្មតបនឹងបទវិចារណកថាចុះផ្សាយដោយកាសែត ចិនឈ្មោះ Global Times ជាភាសាចិន និងអង់គ្លេសដែលថា ចិនត្រូវតែត្រៀមកម្លាំងទ័ពធ្វើសង្រ្គាមទល់នឹងអាមេរិកនៅក្នុង សមុទ្រចិនខាងត្បូង។
តែលោកហុង ឡី អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា រដ្ឋាភិបាលចិនចង់បានសន្តិភាព និងថា ចិននឹងធ្វើការជាមួយគ្រប់ប្រទេសអាស៊ានដើម្បីរក្សាសន្តិភាព និងស្ថរិភាពនៅក្នុងសមុទ្រចិន។ សូមជម្រាបជូនថា ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០ គឺមានតែវៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ីទេដែលកំពុងមានជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូង៕
ប្រែសម្រួល៖ ម៉ែវ សាធី