ខេត្តកណ្តាល៖ ក្មេងស្រីអាំយុ១៥ឆ្នាំបានប្រទះឃើញបងស្រីរបស់ខ្លួនចង.កស្លាប់នៅលើដើមស្វាយខាងក្រោយផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២០ និង១០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ចំណុចចម្ការស្វាយខាងក្រោយផ្ទះស្ថិតក្នុងភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខេង ស្រីនី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកម្មការីនីរោងចក្រកាត់ដេរ មានឪពុកឈ្មោះ សាម សុខខេង អាយុ៤២ឆ្នាំ មុខរបរ ជាកម្មករសំណង់ ម្ដាយឈ្មោះ តឹង សាវ៉ាន អាយុ៣៦ឆ្នាំ មុខរបរ ជាកម្មករសំណង់ មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ គឺនៅវេលាម៉ោង៧យប់ជនរងគ្រោះបានចេញពីធ្វើការនៅរោងចក្រមកដល់ផ្ទះវិញ ស្រាប់តែឪពុកតេទូរស័ព្ទទៅសួរសុខទុក និង និយាយណែនាំកុំឲ្យនិយាយទូរស័ព្ទច្រើនពេក ព្រោះឪពុកម្តាយមិននៅផ្ទះរវល់ទៅធ្វើកម្មករសំណង់នៅរាជធានីភ្នំពេញ ។ ក្រោយពីនិយាយទូរស័ព្ទរួចប្អូនស្រីនារីរងគ្រោះបានឃើញបងស្រីរបស់ខ្លួនអង្គុយយំក្រោមផ្ទះ ដោយមិនដឹងមូលហេតុ ហើយប្អូនស្រីក៏មិនចាប់អារម្មជាមួយបងដែរបានឡើងទៅលើផ្ទះរៀបចំបាយហូបពេលល្ងាច ។
បន្ទាប់ពីរៀបចំបាយរួចហើយនោះប្អូនស្រីបានចុះមកក្រោយផ្ទះហៅនារីរងគ្រោះជាបង ដើម្បីហូបបាយជុំគ្នា ខណៈចុះមកដល់ក្រោមផ្ទះមិនឃើញបងស្រីក៏ដើរទៅអើតមើលក្រោយផ្ទះស្រាប់តែប្រទះឃើញបងស្រីរងគ្រោះចង.ក ស្លាប់នៅលើដើមស្វាយខាងក្រោយផ្ទះ ធ្វើឲ្យប្អូនស្រីមានការភ័យខ្លាចយ៉ាងខ្លាំងរត់ទៅប្រាប់មីងពូនៅជិតផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោឡើងតែម្តង ។
សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្របានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កធ្វើអត្តឃាតសម្លាប់ខ្លួនប្រាកដមែន ។ ជនរងគ្រោះបានយកក្រម៉ា ពណ៌ខៀវលាយសចងភ្ជាប់ជាមួយមែកស្វាយដែលមានកម្ពស់ប្រមាណ៣ម៉ែត្រ ដើម្បីបញ្ចប់ជីវិតខ្លួនឯង ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលបានប្រគល់ទៅឲ្យឪពុកម្តាយយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ