ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃ៦ ខែធ្នូ ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋជាច្រើនកុះករ មកពីគ្រប់ទិសទី ទូទាំងខេត្តក្រចេះ បានមកទទួលការពិនិត្យ និងព្យាបាលជម្ងឺពីក្រុមគ្រូពេទ្យឯកទេសជនជាតិបារាំង នៃអង្គការសាមគ្គីធម៌ប្រឺតាញកម្ពុជា នៅមន្ទីរពេទ្យបង្អែកក្រចេះ។
ការពិនិត្យនិងព្យាបាលជំងឺនេះ ដឹកនាំសម្របសម្រួលដោយ បណ្ឌិត ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានសហការជាមួយមន្ទីរពេទ្យបង្អែកខេត្ត ចុះមកពិនិត្យព្យាបាលជម្ងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ រយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ដល់ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដោយពិនិត្យ និងព្យាបាលលើបញ្ហាជម្ងឺដូចជា ៖ ជម្ងឺទូទៅ ជម្ងឺកុមារ ជម្ងឺសសៃរ និងសាច់ដុំ ពិនិត្យ វាស់ភ្នែក និងការ ចែកវ៉ែនតាជាដើម។
តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យដែលដឹកនាំសកម្មភាពនេះឲ្យដឹងថា ជានិច្ចកាលក្រុមគ្រូពេទ្យជនជាតិបារាំង នៃអង្គការសាមគ្គីធម៌ប្រឺតាញកម្ពុជា តែងតែចុះមកពិនិត្យនិងព្យាបាលជម្ងឺដោយឥគិតថ្លៃជូនប្រជាពលរដ្ឋនៅខេត្តក្រចេះ មិនថានៅតំបន់ទីប្រជុំជន ឬតំបន់ដាច់ ស្រយាលនោះទេ តបតាមការស្នើរសុំនិងសម្របសម្រួលពី បណ្ឌិត ពេជ្រ ប៊ុនធិន ដើម្បីជួយសម្រួលដល់ការមកទទួលរកសេវាព្យាបាល និងការចំណាយបង់ថ្លៃលើសេវាព្យាបាល សំដៅលើកកម្ពស់ផ្នែកសុខមាលភាពនៅខេត្ត ក្រចេះ ក៏ដូចជានៅកម្ពុជា។
ក្រុមគ្រូពេទ្យឯកទេសជនជាតិបារាំង បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមរក្សាសណ្តាប់ធ្នាប់ និងអនាម័យ និងសូមយោគយល់អធ្យាស្រ័យចំពោះការផ្តល់ទទួលស្វាគមន៍មិនបានដិតដល់ ដោយថាចំនួនបងប្អូនមកចូលរួមពិនិត្យមានចំនួនច្រើន ហើយការផ្តល់លេខរៀងមានកំណត់ ទៅតាមកម្រិតនៃសកម្មភាពពិនិត្យរបស់ក្រុមគ្រូពេទ្យ៕