ភ្នំពេញ ៖ ក្រុមឃាតកវ័យក្មេង៦នាក់ដែលបានល្បួងស្ត្រីខារ៉ាអូខេនាំទៅរំលោភបូក ហើយសម្លាប់ចោល ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ សំរេចផ្ដន្ទាទោសដាក់ពន្ធនាគារពី២០ឆ្នាំទៅ៣០ឆ្នាំ ។ ជាមួយគ្នានេះផងដែរ តុលាការក៏បានលើកលែងបុរសចំណាស់ម្នាក់ឲ្យរួចផុតពីបទចោទ និងដោះលែងឲ្យមានសេរីភាពវិញ ក្រោយពីជាប់ពន្ធនាគារជិតមួយឆ្នាំមកហើយនៅក្នុងសំណុំរឿងឃាតកម្មនោះ ។ ជនសង្ស័យដែលចៅក្រមតុលាការលើកលែងចោទឈ្មោះ ព្រៃ សុខឡាក់ អាយុ៥១ឆ្នាំ ។ ចំណែកជនជាប់ចោទ ៦នាក់ទៀតដែលតុលាការផ្ដន្ទាទោសរួមមាន ១-ឈ្មោះ ណាង ណាវី អាយុ១៩ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៣០ឆ្នាំ, ២-ឈ្មោះ ខាត់ សួរ អាយុ១៩ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៣០ឆ្នាំ, ៣-ឈ្មោះ អៀម ឡុច អាយុ២០ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៣០ឆ្នាំ, ៤-ឈ្មោះ ជិន ណាវី អាយុ២៩ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៣០ឆ្នាំ, ៥-ឈ្មោះ មឿន ខី អាយុ១៨ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២០ឆ្នាំ និង ៦-ឈ្មោះ ម៉ម វណ្ណា អាយុ២០ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២០ឆ្នាំ ។
សូមបញ្ជាក់ថា សំណុំរឿងក្ដីឃាតកម្មដ៏សាហាវរំលោភបូកច្រើននាក់ ហើយសំលាប់ស្ត្រីរងគ្រោះយកសពទៅបោះចោលក្នុងទឹកកាលពីពាក់កណ្ដាលឆ្នាំ២០១៥កន្លងទៅនេះ ត្រូវបានតុលាកាសាលាដំបូងរាជធានីភ្នំពេញបញ្ចប់ការសួរដេញដោលក្នុងសវនាការកាលពីព្រឹកថ្ងៃទី២២មិថុនា ប៉ុន្តែក្រុមប្រឹក្សាជំនុំជំរះបានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ។ ក្នុងសវនាការកាលពីព្រឹកថ្ងៃទី២២មិថុនានោះ ក្រុមយុវជនដៃដល់បានបដិសេធចោលទាំងស្រុងនូវការចោទប្រកាន់របស់តំណាងអយ្យការពីបទអំពើឃោរឃៅ រំលោភសម្លាប់ តាមមាត្រា២០៥នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងភូមិព្រៃល្វា សង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែកចំពោះឈ្មោះ ព្រៃ សុខឡាក់ ដែលពីមុនបានជាប់ចោទពីបទសមគំនិត ត្រូវបានតំណាងអយ្យការស្នើឲ្យលើកលែងចោទ ដោយយោងទៅលើអង្គហេតុមិនពាក់ព័ន្ធ នឹងបទល្មើស ៕
ដោយ សហការី