ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ។ អង្គប្រជុំ បានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៨ រួមមាន ៖
១- ការពិនិត្យលើសំណើសុំ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំលើកអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រចំនួន២រូបគឺ លោក តុ វ៉ាន់ចាន់ តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល និងលោកពិន រតនា តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង។
២-ការពិនិត្យលើសំណើសុំរដ្ឋសភាបំភ្លឺបញ្ជាក់អំពីករណី លោក សម រង្ស៊ី ដែលត្រូវបានរដ្ឋសភាប្រកាសសុពលភាពនៃអាណត្តិ ជាសមាជិករដ្ឋសភា នីតិកាលទី៥ ហើយដកសុពលភាពវិញ។
៣-ការពិនិត្យលើសំណើស្នើរដ្ឋសភាបញ្ជាក់អំពីនីតិវិធី ឬច្បាប់ ឬមាត្រាណាមួយដែលរដ្ឋសភាអនុញ្ញាតឲ្យតុលាការបន្តនីតិវិធីចំពោះ តំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិសភា។
៤-ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្ដីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈវិស័យសុខាភិបាល។
៥-ការពិនិត្យលើសំណើសុំ អនុម័តនូវសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើពិធីសារទី៧ ស្ដីពីប្រព័ន្ធឆ្លងកាត់គយ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ាន ស្ដីពីការសម្រួលឆ្លងកាត់ទំនិញ។
៦-ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើ៖
ក)កិច្ចព្រមព្រៀងស្ដីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន
ខ)ពិធីសារស្ដីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន
គ)ពិធិសារស្ដីពីក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន។
៧-ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្ដេជ្ញាបើកចំហរ សេវាហិរញ្ញវត្ថុ នៅក្រោមកិច្ចព្រមព្រៀងអាស៊ាន ស្ដីពីសេវា។
៨-ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពី ការបង្កើតអង្គភាពស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូក៣៕
ដោយ៖ សុខ ខេមរា