ភ្នំពេញៈ កម្រងសេវាកម្មពិការភាពតាមប្រព័ន្ធអេឡិចត្រូនិចដំបូងបំផុតនៅកម្ពុជាត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងពិធីបើក សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីគោលការណ៍ណែនាំនៃ ការបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការនិងពិធីប្រកាសដាក់ឱ្យប្រើជាផ្លូវការកម្រងសេវាកម្មពិការភាពតាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលពាក់ព័ន្ធ វិស័យពិការភាព អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥ ដែលជាសមាជិកក្រុមប្រឹក្សា សកម្មភាពជនពិការ អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ ព្រមទាំងជនពិការសរុបចំនួន ១៧០នាក់។
តាមការឲ្យដឹងពីលោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាព ជនពិការ កម្រងសេវាកម្មពិការភាពតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងប្រទេសកម្ពុជា នេះគឺជាការផ្ដួចផ្ដើមរៀបចំ ឡើងដោយក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយមានការជួយជ្រុមជ្រែងពីកាកបាទក្រហមអូស្ត្រាលី ក្នុងឆ្នាំ ២០១៥ ហើយបានធ្វើបច្ចុប្បន្នភាពឡើងវិញដោយមានកិច្ចសហការពីអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា អង្គការកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ អង្គការសុខភាពអន្តរជាតិ ដែលកម្រងសេវាកម្មពិការភាពតាមប្រព័ន្ធ អេឡិចត្រូនិកនេះផ្តល់នូវលក្ខណៈងាយស្រួលអំពីព័ត៌មាននិងទិន្នន័យ សេវាសម្រាប់ជនពិការនៅកម្ពុជា។
អគ្គលេខាធិការលោក ឯម ច័ន្ទមករា បានឲ្យដឹងទៀតថា បច្ចេកទេសនៃកម្រងសេវាកម្មនេះក៏ផ្ដល់នូវមុខងារសំខាន់ៗសម្រាប់ស្វែងរកព័ត៌មានអំពីអង្គភាព ប្រភេទសេវាកម្ម តំបន់ប្រតិបត្តិការ ប្រភេទពិការភាព និងក្រុមអាយុ ជាក់លាក់ហើយអនុញ្ញាតឲ្យស្ថាប័នរដ្ឋ ឯកជន និងសង្គមស៊ីវិលនានាអាចបញ្ចូលព័ត៌មានទៅក្នុងប្រព័ន្ធនេះ បានដោយខ្លួនឯងទៀតផង។
សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណងរៀបចំប្រកាសអន្តរក្រសួង ដែលមានទិសដៅកសាងនូវ គោលការណែនាំមួយជាក់លាក់របស់រាជដ្ឋាភិបាលអំពីការបង្កលក្ខណៈងាយស្រួល សម្រាប់ជនពិការស្រប តាមជំពូក៥ នៃច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ចំពោះទីកន្លែងសាធារណៈទាំងឡាយណា ដែលបានសាងសង់មុន ច្បាប់នេះចូលជាធរមាន ហើយដែលមានលទ្ធភាពត្រូវរៀបចំកែសម្រួលទីកន្លែង សាធារណៈនោះយ៉ាងយូររយៈពេល ៥ឆ្នាំ ដើម្បីឲ្យជនពិការមានលក្ខណៈងាយស្រួលចេញ-ចូលបាន។ នេះបើតាមការឲ្យដឹងពីលោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ។
លោកអគ្គលេខាធិការ បានបញ្ជាក់ទៀតថាទីកន្លែងសាធារណៈ ទាំងឡាយណាដែលបានសាងសង់មុនច្បាប់ នេះចូលជាធរមាន ហើយមិនទាន់បានរៀបចំចំណតយានយន្តពិសេសសម្រាប់ជនពិការ បន្ទប់អនាម័យ ហើយដែលមានលទ្ធភាពត្រូវរៀបចំកែសម្រួលទីកន្លែងសាធារណៈនោះយ៉ាងយូររយៈពេល៥ឆ្នាំ។ ក្រៅពីនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំលក្ខណៈងាយស្រួលលើមធ្យោបាយដឹកជញ្ជូនផ្សេងៗសម្រាប់ជនពិការ ព្រមទាំងការផ្តល់ប័ណ្ណបើកបរយានយន្ត និងការកំណត់ប្រភេទយានយន្តសម្រាប់ជនពិការ ដែលចំនុចនេះគឺត្រូវកំណត់ដោយប្រកាស អន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលពិការគ្រោះយោបល់សេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីគោលការណ៍ណែនាំ នៃការបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ និងពិធីប្រកាសដាក់ឱ្យប្រើជាផ្លូវការកម្រងសេវាកម្មពិការភាព តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានចាត់ទុកការចងក្រងកម្រងសេវាកម្ម ពិការភាពតាមប្រព័ន្ធអេឡិចត្រូនិកនេះជាកាលានុវត្តភាពថ្មីមួយទៀតក្នុងវិស័យពិការភាព ស្របតាមការ វិវឌ្ឍន៍នៃបច្ចេកវិទ្យាដែលមានភាពងាស្រួលសម្រាប់យើងទាំងអស់គ្នា។
លោករដ្ឋមន្ត្រី វង សូត បានថ្លែងបន្តទៀតថា កន្លងមកក៏ដូចជាបច្ចុប្បន្ន រាជរដ្ឋាភិបាលតែងបានជំរុញ សកម្មភាពនានា ក្នុងការបង្កលក្ខណៈងាយស្រួលដល់ជនពិការ តាមរយៈការដាក់ចេញនូវច្បាប់ និងលិខិត បទដ្ឋានគតិយុត្ត និងការជម្រុញការកែសម្រួល សាងសង់ និងរៀបចំធ្វើយ៉ាងណាឱ្យជនពិការ អាចចេញ ចូល និងប្រើប្រាស់បានដូចជាបរិស្ថានរូបវន្ត មធ្យោបាយធ្វើដំណើរ ទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមទាំងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសេវាកម្មផ្សេងៗទៀតដែលបានដាក់ឲ្យប្រើជាសាធារណៈទាំងនៅទីក្រុង និងទីជនបទ។
ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់នេះ លោករដ្ឋមន្ត្រី វង សូត បានផ្តល់អនុសាសន៍ដល់ សិក្ខាកាមឲ្យពិនិត្យលើគ្រប់ជ្រុងជ្រោយពាក់ព័ន្ធទៅនឹងការបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ ស្របតាម ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ក៏ដូចជាអនុសញ្ញាស្តីពីសិទ្ធិជនពិការ ហើយបានស្នើ ដល់ក្រុមការងារសកម្មភាពជនពិការនៃក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដើម្បីរៀបចំប្រកាស អន្តរក្រសួង ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្របតាមតម្រូវការរបស់ជនពិការ ហើយក្រុមការងារ សកម្មភាពជនពិការ នៃក្រសួងសុខាភិបាល និងក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីរៀបចំប្រកាស អន្តរក្រសួង ក្នុងការកំណត់ប្រភេទយាន្តយន្តសម្រាប់ជនពិការ និងអនុសញ្ញាឲ្យជនពិការទទួលបានប័ណ្ណ បើកបរ តាមប្រភេទយានយន្ត។
លោក វង សូត ក៏បានស្នើក្រុមការងារសកម្មភាពជនពិការ ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងការងារ ជំនាញព័ត៌មាន ទំនាក់ទំនងសេវាកម្មអេឡិចត្រូឡិចសេវាកម្មសង្គ្រោះបន្ទាន់និងសេវាកម្មដទៃទៀត ដើម្បី រៀបចំប្រកាសអន្តរក្រសួងពាក់ព័ន្ធនឹងការងារជំនាញខាងលើ។
គួរបញ្ជាក់ផងដែរថា នេះគឺជាការបង្ហាញអំពីនូវការយកចិត្តទុកដាក់ និងគិតគូរជាប់ជានិច្ចរបស់រាជរដ្ឋាភិបាល ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសការវឌ្ឍនភាពថ្មីៗក្នុងវិស័យពិការភាព ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិតិ្តយស ក្រុមប្រឹក្សាសកម្មភាពជនពិការ ដើម្បីឲ្យឈានទៅសម្រេចឲ្យខានតែបាននូវការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទិ្ធជនពិការ អនុសញ្ញស្តីពីសិទ្ធិជនពិការ និងផែនការយុទ្ធសាស្រ្ត ជាតិស្តីពីពិការភាព ២០១៤-២០១៨ ព្រមទាំងយុទ្ធសាស្ត្រអ៊ីនឈាន់ ទសវត្សជនពិការប្រចាំតំបន់អាស៊ីនិងប៉ាស៊ីភិច “ធ្វើឲ្យសិទ្ធិកា្លយ ជាការពិត”៕
ដោយ សុខ ខេមរា