ភ្នំពេញ៖ បុរសជាគ្រូបង្រៀនភាសាចិននៅសាលាទួនហ្វាម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបន្ទាប់ពីមានបណ្ដឹងរបស់អាណាព្យាបាលសិស្សស្រីម្នាក់ពីបទ បៀតបៀនកេរ្តិ៍ខ្មាស់សិស្សស្រីរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលពេញថ្នាក់រៀន ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចសាលាភាសាចិន ទួនហ្វា ផ្លូវលេខ៣១០ សង្កាត់អូឡាំពិក ខណ្ឌចំការមន។
ជនសង្ស័យជាគ្រូបង្រៀនភាសាចិនទួនហ្វានេះឈ្មោះពឹង ខាយ ភេទ ប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៨៩ ផ្លូវលេខ១៦៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវបាននាំខ្លួនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី សាកសួរតាមនីតិវិធី។ រីឯសិស្សស្រីដែលរងដោយគ្រូបង្រៀនបៀតបៀនកេរ្តិ៍ខ្មាសនោះឈ្មោះ (ណរ មនត)អាយុ១៣ឆ្នាំ ដែលមានឪពុកឈ្មោះ ឃួន ណារ៉ា អាយុ៣៩ឆ្នាំ ជាអ្នកអាណាព្យាបាល ។
លោក ឃួន ណារ៉ា បានឲ្យដឹងថា នៅ១១និង៣០ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ក្រោយពីកូនស្រីជាជនរងគ្រោះចេញពីរៀនដល់ផ្ទះនាងស្រែក ទ្រហោរយំយ៉ាងខ្លាំងទើបគាត់សួរកូនស្រីថា កូនមានរឿងអីបានជាយំយ៉ាងនេះ? ពេលនោះ កូនស្រីប្រាប់ថា លោកគ្រូ ពឹង ខាយ បានលូកលាន់លេងសើចលើកេរ្តិ៍ខ្មាសរបស់នាង កណ្តាលចំណោមសិស្សក្នុងថ្នាក់ធ្វើឲ្យនាងខ្មាស់គេខ្លាំងណាស់ ។
លោកឃួន ណារ៉ា បានបញ្ជាក់ឲ្យដឹងទៀតថា ដោយមើលឃើញទង្វើមិនសមរម្យ និង គ្មានសិលធម៌របស់គ្រូបង្រៀនម្នាក់នាំឲ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គ្រួសារលោក ទើបលោកមិនសុខចិត្តក៏ដាក់ពាក្យបណ្តឹងទៅកម្លាំងកងរាជអាវុធហត្ថឲ្យមកឃាត់ខ្លួនយកទៅ ប្រដៅតាមច្បាប់តែម្តងទៅ ។
ទោះយ៉ាងណាក្រោយពីទទួលពាក្យបណ្តឹងនេះភ្លាម កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន និង រាជធានីបានឃាត់ខ្លួនគ្រូបង្រៀនរូបនេះយកទៅសាកសួរ និងបានរឹបអូសម៉ូតូ ម៉ាក យ៉ាម៉ាហា អេហ្វហ្សែត ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1DG3519 ទូរស័ព្ទម៉ាក អាយហ្វូនមួយគ្រឿង លុយអាមេរិកចំនួន២៨០ ដុល្លារ និងលុយខ្មែរ ១១០០០រៀលទៀតផង។
គួររំលឹកផងដែរថាកន្លងទៅសាលាទួនហ្វានេះធ្លាប់មានអាណាព្យាបាលសិស្សស្រីទូរស័ព្ទមកកាន់ការិយាល័យមជ្ឈមណ្ឌលព័ត៌មាននគរវត្តបញ្ជាក់ថាគ្រូបង្រៀនខ្លះបានបង្ខំចាប់យកទូរស័ព្ទពីសិស្សស្រីៗ និងលូកយកពីហោប៉ៅ ឬនៅជាប់នឹងខ្លួនធ្វើឲ្យប៉ះពាល់ទៅនឹងសេចក្ដីថ្លៃថ្នូរកេរ្តិ៍ខ្មាសសិស្សស្រីៗច្រើនដងមកហើយ ៕
ដោយ៖ ប្រាថ្នា