ខ្សឹបដាក់ត្រចៀក៖ ទំនិញគេចពន្ធបន្តហូរចូលតាមច្រកអន្តរជាតិកែវផុស

ចែករំលែក៖

មកទល់នឹងពេលនេះ លោក ហេង សំហៃ ត្រូវបានទៅកាន់តំណែងជាប្រធានការិយាល័យគយ និងរដ្ឋាករកែវផុស នៃសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ជំនួសលោក នុត លីឆួយ មានរយៈពេលជិត៣សប្តាហ៍ បើគិតចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ មកទល់នឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ។

មន្ត្រីបានលួចខ្សឹបថា លោក ហេង សំហៃ បានទទួលខុសត្រូវលើការពង្រឹង ទប់ស្កាត់ទំនិញគេចពន្ធ យកចិត្តទុកដាក់ប្រមូលពន្ធជូនរដ្ឋ សហការជាមួយសមត្ថកិច្ច ស្ថាប័នដទៃឲ្យមានតម្លាភាព ស្របតាមគោលការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែក្នុងរយៈពេលជិត៣សប្តាហ៍ ក្នុងតំណែងនេះ ត្រូវបានគេរាយការណ៍មកថា ទំនិញគេចពន្ធ បានលួចហូរចូលយ៉ាងគគ្រឹកគគ្រេងផងដែរ ដោយគេសង្ស័យថា អាចនឹងមានការបើកភ្លើងខៀវណាមួយពីលោក ហេង សំហៃ មេគយដែលទើបទៅកាន់តំណែងថ្មីថ្មោង ។

ជាទូទៅ ត្រូវបានគេដឹងថា ទំនិញគេចពន្ធទាំងនោះ រួមមានជាស៊ីម៉ង់ត៍ ម៉ូតូ ចំណីជ្រូក ដែក និងគ្រឿងសំណង់ ជ័រ និងកៅ ស្ករស នេះជាដើម ។ ការហូរចូលទំនិញគេចពន្ធអាចធ្វើបែបបទបង់ពន្ធ ជាលក្ខណៈទំនិញចម្រុះ ប៉ុន្តែធាតុពិត សុទ្ធតែជាប្រភេទទំនិញនាំចូលបង់ពន្ធខ្ពស់ ។ ដូច្នេះ បើលោកហេង សំហៃ ពិតជាធូរលុង ដូចការទម្លាយមែននោះ អាចនឹងធ្វើឲ្យរដ្ឋត្រូវបាត់បង់ចំណូលពន្ធនាំចូលយ៉ាងច្រើនក្នុងមួយខែៗ ។

គេបានលួចខ្សឹបថា ឈ្មួញដែលរកស៊ីនាំទំនិញគេចពន្ធដ៏មហិមានៅច្រកមួយនេះ គឺមុខដដែលៗ ខណៈពួកគាត់មានទំនាក់ទំនងខ្ពស់ជាមួយមេគយខេត្តព្រះសីហនុ ប្រធានការិយាល័យគយ និងរដ្ឋាករកែវផុស គយចល័ត នគរបាលសេដ្ឋកិច្ចខេត្ត និងក្រសួង រួមទាំងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត ក្នុងនោះដូចជាឈ្មួញ ផាត់ ប៊ុន ហៀ ម៉េង ចែ ស៊ី ចែ រ៉ា នេះជាដើម ។ ចំពោះចែ រ៉ា និងចែ ស៊ី គាត់នាំចូលនូវប្រភេទគ្រឿងសំណង់ដែលបង់ពន្ធនាំចូលខ្ពស់ទាំងកប៉ាល់ៗ ហើយដឹកជញ្ជូនចេញជាប្រភេទឡានយីឌុប កុងតឺន័រ ប៉ុន្តែការបង់ពន្ធពិតប្រាកដនោះ យ៉ាងច្រើនបំផុតត្រឹម ៤០ភាគរយប៉ុណ្ណោះ និងដាក់ជាទំនិញចម្រុះ ។

ចំពោះអំពើរត់ពន្ធទាំងនេះ ជាការដិតដាម សល់អំពីកម្អែលមើលគយចាស់កន្លងទៅ គឺលោក នុត លីឆួយ ហើយនិងឈ្មួញ ដែលមានមុខដដែលៗ ធ្លាប់រកស៊ីដឹកជញ្ជូនដោយជោគជ័យសម្រាប់ច្រកមួយនេះ ។ មន្ត្រីសង្ឃឹមថា ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អាចនឹងដាក់ភាពសង្ស័យ ស៊ើបអង្កេតតាមដាន ចំពោះការបង្ហើបទាំងនេះ ដើម្បីការពារផលប្រយោជន៍ចំណូលពន្ធរបស់រដ្ឋសម្រាប់ជាការទ្រទ្រង់សេដ្ឋកិច្ចជាតិ ៕

image image image

ដោយ ខ្សឹប

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print