ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងនារី២នាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែស្រ្តីម្នាក់ដែលត្រូវបានគេស្គាល់ថាជាប្រពន្ឋប៉ូលីសពាក់ស័ក្ត៥ម្នាក់ បានបើករថយន្ត RAV4ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុល បុកម៉ូតូក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្តាលអោយស្លាប់ម្នាក់នៅកន្លែងកើតហេតុនិងរងរបួសធ្ងន់មនុស្ស២នាក់ផ្សេងទៀត ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខវិទ្យាល័យឬស្សីកែវ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូស្តុបពី ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CD-1868 ជិះឌុបគ្នាដោយមនុស្សប្រុសស្រី៣នាក់ តាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត RAV4 ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2D-6150 បើកបរដោយស្រ្តីម្នាក់ដែលត្រូវបានគេស្គាល់ថាជាប្រពន្ធរបស់មន្រ្តីប៉ូលីសពាក់ស័ក្ត៥ បើកក្នុងល្បឿនយ៉ាងលឿនទិសដៅបញ្ច្រាស់ទិសគ្នា បានបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឱ្យយុវជនម្នាក់ដែលជាអ្នកឌុបស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងនារី២នាក់ទៀត ដែលអង្គុយពីក្រោយរងរបួសធ្ងន់ ហើយស្រ្តីជាអ្នកបើករថយន្តក៏រងរបួសដែរ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងអស់គ្នា ចំណែកសពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
ក្រោយមកសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូដែលរងការខូចខាតទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារ ឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ព្រែកជ័យ