ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក លី សុខហ៊ី ជំនួយការ ឯកឧត្តមស្នងការ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ នៅចំណុចតាមផ្លូវ ជិតផ្សារសែនសុខ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ពាក់ព័ន្ធករណីលួចយកម៉ូតូ (កាច់បំបែកសោ ក លួចយកម៉ូតូចំនួន ០៣គ្រឿង)។
ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖
១-ឈ្មោះ សុខ ជា ហៅ តឹង ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ (ជនដៃដល់)។
២-ឈ្មោះ កែវ ដួងពេជ្រ ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងភ្លើង មានទីលំនៅ ផ្ទះជួលលេខ៣១ ផ្លូវលេខ២២៧ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (សហចារី)។
៣-ឈ្មោះ កែវ ភារុណ ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅ ផ្ទះជួលលេខ២៦ ផ្លូវបេតុង ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (សហចារី)។
វត្ថុតាងចាប់យក៖ ម៉ូតូចំនួន ០៣គ្រឿង ជារបស់ជនរងគ្រោះទាំង ០៣នាក់ (ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កំពង់ចាម 1AE-1104, ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1KV-2592, ម៉ាក HONDA BEAT ពណ៌ខៀវ គ្មានផ្លាកលេខ (កាច់បោះចោលក្នុងប្រឡាយទឹកស្អុយ), ទូរស័ព្ទដៃ ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង នៅព្រឹកថ្ងៃទី២២ ខែសីហានេះ កម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕អរុណរះ