ក្រុមហ៊ុន សិញដាយ កំពុងប្រើប្រាស់គ្រឿងចក្ររំលោភយកដីព្រៃលិចទឹកត្រីពងកូនរាប់រយហិកតានៅបឹងក្នុង និងបឹងកន្សោង

ចែករំលែក៖

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ-ឃុំបានចោទប្រកាន់ទៅលើក្រុមហ៊ុន(សិញដាយ)ថា បាន ប្រើប្រាស់គ្រឿងចក្រ រំលោភយកដីព្រៃលិចទឹកសម្រាប់ត្រីពងកូនរាប់រយហិកតាឋិតនៅចំណុចបឹងក្នុង និងបឹងកន្សោង ដែលអតីតជាដែនឡូត៍នេសាទលេខ១៧ ក្នុងស្រុកល្វាឯម ខេត្តកណ្តាល វាទទីឈូស ឆាយ ដើម្បីយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនទាំងបំពាន ។

អាជ្ញាធរ និងប្រជាពលរដ្ឋបានបញ្ជាក់ថា ដីព្រៃតំបន់នោះជាច្រើនហិកតា គឺប្រជាពលរដ្ឋកំពុងអាស្រ័យផល ហើយក៏ជាដីរដ្ឋ ប្រភេទព្រៃលិចទឹកសម្រាប់ត្រីពងកូន ក្នុងនោះរាជរដ្ឋាភិបាល ក៏បានចេញ អនុក្រឹត្យ កាត់ទុកសម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់នេសាទ ជាលក្ខណៈគ្រួសារ ។

ប្រជាពលរដ្ឋបាននិយាយថា ក្រុមហ៊ុន(សិញដាយ)បានរំលោភយកដីរបស់ពួកគាត់ជាច្រើនហិកតា តាម រយៈការប្រើប្រាស់គ្រឿងចក្រឈូសឆាយ ដើម្បីបំបិទដានទៅលើដីដែលគាត់អាស្រ័យផល ។ ប្រជាពល រដ្ឋបន្តថា ក្រុមហ៊ុន(សិញដាយ)បានមករំលោភយកដីប្រជាពលរដ្ឋនៅក្នុងឃុំបារ៉ុង និងបង្កបញ្ហាឲ្យប្រជា ពលរដ្ឋជ្រួលច្របល់ ដែលពួកគាត់សំណូមពរដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល មេត្តាជួយអន្តរាគមន៍ និងដោះស្រាយជូនពួកគាត់ ដែលរស់នៅទីនោះផង។ មិនតែប៉ុណ្ណោះ ពួកគាត់ទទួលស្គាល់ និងមានជំនឿថា មានតែសម្តេចតេជោ តែងផ្តល់ភាពយុត្តិធម៌ គិតគូរពីការរស់នៅរបស់ ប្រជាពលរដ្ឋ សុខទុក្ខ លំបាក និងចាត់វិធានការណ៍ផងដែរ ចំពោះជនរំលោភបំពានមកលើប្រជាពលរដ្ឋរបស់សម្តេចនោះ ។

ប្រជាពលរដ្ឋនៅក្នុងឃុំបារ៉ុង ស្រុកល្វាឯមបានបញ្ជាក់ថា កន្លងទៅពួកគាត់តែងតែដាំដុះអាស្រ័យផល ដំណាំផ្សេងៗសម្រាប់ទទួលបានកម្រៃផ្គត់ផ្គត់ជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាការហូបចុក ឲ្យកូនបានរៀនសូត្រ ប៉ុន្តែមូួយរយៈចុងក្រោយនេះ ក្រុមហ៊ុម(សិញដាយ)បានធ្វើទុក្ខបុកម្នេញមកលើប្រជាពលរដ្ឋឲ្យជួប ការលំបាកយ៉ាងខ្លាំង ដែលប្រើគ្រឿងចក្ររំលោភយកដីពួកគាត់ ដីរដ្ឋ ដីព្រៃលិចទឹក ក្នុងបឹងដែលឋិត ក្នុងដែនឡូត៍នេសាទលេខ១៧ សុទ្ធសឹងជាតំបន់ត្រីពងកូន និងបង្កាត់ពូជត្រីដ៏សម្បូរណ៍បែប ផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានទទួលផល ក្នុង១ឆ្នាំៗលើការផ្គត់ផ្គត់ប្រចាំថ្ងៃ ។

លោកមេឃុំបារ៉ុងទទួលស្គាល់ថា ក្រុមហ៊ុន(សិញដាយ)ពិតជាបានប្រើប្រាស់គ្រឿងចក្រឈូសឆាយដីព្រៃ លិចទឹករាប់រយហិកតា ជាតំបន់ត្រីពងកូនសម្រាប់រដូវទឹកឡើងនេះមែន ។ មិនតែប៉ុណ្ណោះ ដីទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យកាត់ទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ បង្កបង្កើនផលលក្ខណៈ គ្រួសារ ក្នុងយន្តការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ប៉ុន្តែក្រុមហ៊ុនសិញដាយបានយកគ្រឿងចក្រ ឈូសឆាយ កាយកម្ទេចដីព្រៃយកធ្វើជាកម្មសិទ្ធិ ដែលរឿងនេះសូម្បីតែលោកជាមេឃុំក៏មិនបានដឹងពីឯកសារ ច្បាប់ទម្លាប់លើការគ្រប់គ្រងដីទាំងនេះ ដោយក្រុមហ៊ុន ព្រោះគ្មានគល់បញ្ជីកត់ត្រាត្រឹមត្រូវ ។

លោកមេឃុំបន្តថា ដីព្រៃដែលក្រុមហ៊ុន(សិញដាយ)កំពុងវាទទីឈូសឆាយរំលោភយកគឺឋិតនៅក្នុងបឹងក្នុង និងបឹងកន្សោង ដែលជាតំបន់រដ្ឋកាន់កាប់ មិនអាចផ្តល់ជាកម្មសិទ្ធិទៅបុគ្គលណាមួយឡើយ ។

ពាក់ព័ន្ធករណីនេះ គេពុំទាន់ដឹងនៅឡើយទេថា ក្រុមហ៊ុន(សិញដាយ )មានច្បាប់ទម្លាប់ និងជាម្ចាស់កម្ម សិទ្ធិស្របច្បាប់លើដីរដ្ឋនៅឡើយទេ ពីព្រោះនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ មិនអាចទំនាក់ ទំនង់ពីក្រុមហ៊ុនខាងលើនេះបាន ដោយគ្មានលេខទូរស័ព្ទ ៕

image

ដោយ៖ សុខខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print