ប្រទេសកូរ៉េៈ ថ្លែងទៅកាន់ភាគីកូរ៉េ ដោយស្នាមញញឹមនឹងភាពជឿជាក់ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា បានលើកថា “កម្ពុជាគឺពិតជាមានសុខដុមរមនាសាសនា និងជាតិសាសន៍ ដូចគ្នានឹងសាធារណរដ្ឋកូរ៉េដែរ ដោយសារការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា” ។
នេះជាការលើកឡើងក្នុងកម្មវិធីដំណើរទស្សនកិច្ច និងពិនិត្យទីតាំងស្នាក់នៅបណ្ដោះអាសន្នរបស់ពលករខ្មែរនៅតំបន់ Cheonan ក្នុងអំឡុងពេលផ្លាស់ប្ដូរកន្លែងធ្វើការអត់កន្លែងស្នាក់នៅរបស់ក្រុមការងារស្ថានទូតដឹកនាំដោយលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត នៅព្រះវិហារហានឹលជុងអាំង នៃតំបន់ Cheonan ខេត្ត ChungNam ភាគខាងត្បូងនៃទីក្រុងសេអ៊ូល កាលពីព្រឹកថ្ងៃអាទិត្យទី១៤ ខែសីហា ឆ្នាំ២០១៦ នេះ ។ ក្នុងឱកាសនេះដែរឯកឧត្តម និងសហការី ក៏បានចូលរួមកម្មវិធីអធិដ្ឋានដល់ព្រះយេស៊ូគ្រិស្ត ដើម្បីព្រះអង្គជួយឲ្យមានសុខសន្ដិភាពក្នុងពិភពលោក និងជួយប្រជាពលរដ្ឋកូរ៉េ និងកម្ពុជា មានសេចក្ដីសុខផ្លូវចិត្ត និងមានសុមង្គលក្នុងគ្រួសារ៕
ដោយ សុខ ខេមរា