ខេត្តកំពត៖ នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៦ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវវស្សា នៅក្នុងខេត្តកំពត ក្នុងនោះលោករដ្ឋមន្ត្រីក៏បានអញ្ជើញពិនិត្យអាងទឹកកូនសត្វ ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។
បន្ទាប់ពីបានសាងសង់រួចជាស្ថាពរនាឆ្នាំ ២០០៨ អាងទឹកកូនសត្វ ដែលព័ទ្ធជុំវិញទៅដោយភ្នំតូចធំ មិនត្រឹមតែជាប្រភពទឹកដ៏សំខាន់ដល់ការបង្កបង្កើនផលស្រូវវស្សា ស្រូវប្រាំង និងដំណាំគ្រប់ប្រភេទប៉ុុណ្ណោះទេ ប៉ុន្តែ អាងទឹកនេះ ក៏បានក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាល ដែលមានទេសចរជាតិ អន្តរជាតិ មកកំសាន្តជាហូរហែរផងដែរ ។
ជាមួយនឹងសម្រស់ធម្មជាតិដ៏ត្រកាលនេះ អាងទឹកកូនសត្វក៏កំពុងរងនូវការទន្ទ្រានពីជនខិលខូចមួយចំនួនតូចផងដែរ ។ ក្នុងឱកាសចុះពិនិត្យការងារនៅពេលនេះ លោករដ្ឋមន្ត្រីបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ត្រូវចាត់វិធានការណ៏ឲ្យបានមុឺងម៉ាត់ ទប់ស្កាត់ឲ្យបាន នូវរាល់សកម្មភាពរបស់ជនខិលខូច ដែលចាក់ដីលុបផ្ទៃអាង ដើម្បីសាងសង់ជាសំណង់ផ្សេងៗ ៕
ដោយ៖ សុខ ខេមរា