ខេត្តកំពង់ចាម៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលអមដំណើរដោយលោក អ៊ុន ចាន់ដា សមាជិកអចិន្ត្រ័យ៍គណៈកម្មាធិការ កណ្តាលទទួលបន្ទុកខេត្តកំពង់ចាម រួមទាំង ប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំ ស.ស.យ.ក ថ្នាក់ខេត្ត ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល និងបាន ភ្លក់រសជាតិភោគផល ដំណាំផ្លែឈើ ជាពិសេសគឺដំណាំផ្លែពោត ជាមួយសមាជិក សមាជិកា ស.ស.យ.ក. ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ស្ថិតក្នុងឱកាសនេះដែរ លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងថ្លែង អំណរគុណចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. គ្រប់លំដាប់ថ្នាក់ ក្នុងការ ស្ម័គ្រចិត្ត ខិតខំប្រឹងប្រែងសហការរួមគ្នាជាធ្លុងមួយ ក្រោមឆន្ទៈចូលរួមកិច្ចការងារ សង្គមទាំង ការជួបជុំសប្បាយរីករាយនិងការជួយជ្រោមជ្រែងក្នុងកិច្ចការងារផ្សេងដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជា ជាពិសេសការរួមចំណែកសម្រួលបន្ទុករាជររដ្ឋាភិបាល ក្នុងវិបត្តិកូវីដ-១៩ នាពេលកន្លងមក។
បន្ទាប់ពីមតិសំណេះសំណាល លោកប្រធាន និងសមាជិក សមាជិការទាំងអស់បានអញ្ជើញទស្សនា និងចូលរួមភ្លក់រសជាតិ នូវដំណាំផ្លែឈើជាពិសេស ដំណាំផ្លែពោតដូចជា ពោតស្ងោរ ពោតដុត ពោតអាំង ពោតចៀន បង្អែមពោតជាដើម ដែលបង្កើតនូវបរិយាកាស និងអនុស្សាវរីយ៍សប្បាយរីករាយជាមួយគ្រួសារសមាជិក សមាជិកា សសយក ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម៕ដោយ៖តារា