ភ្នំពេញ៖ ក្រោយការសួរដេញដោលពេញមួយព្រឹកថ្ងៃទី២៣ ខែសីហា រួចមក លោក ប្លង់ សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ សម្រេចបំបែកសំណុំរឿងមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ១១រូប ជាពីរករណី ។
មន្ត្រីនិងសកម្មជនបក្សប្រឆាំង ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី៧ឆ្នាំទៅ២០ឆ្នាំ ករណីដឹកនាំកុបកម្មនិងចូលរួមចលនាកុបកម្ម បង្កឲ្យមានអំពើហិង្សានៅទីលានប្រជាធិបតេយ្យ ។
មន្ត្រីសាលាឧទ្ធរណ៍ បញ្ជាក់ថា មេធាវីការពារជនជាប់ចោទទាំង១១រូប បានប្តឹងមកសាលាឧទ្ធរណ៍ ដោយមានកម្មវត្ថុសំខាន់ចំនួនពីរ ទី១ ប្តឹងប្រឆាំងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្តន្ទាទោសកូនក្តីទាំង១១រូប ចន្លោះពី៧ឆ្នាំទៅ២០ឆ្នាំ និង ប្តឹងមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ ។
កម្មវត្ថុទាំងពីរនេះ ត្រូវបានសាលាឧទ្ធរណ៍ សម្រេចបំបែកជាពីរករណី ហើយសវនាការនឹងធ្វើឡើងនាពេលក្រោយ ដោយពុំទាន់កំណត់ពេលវេលា៕
ដោយ៖ ចេស្តា