ខេត្តស្ទឹងត្រែង៖ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី២៦ ខែមេសា ឆ្នាំ២០២៥នេះថា៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងស្ទឹងត្រែង បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាចោរឆក់ទូរស័ព្ទ ២នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ នៅក្រុងស្ទឹងត្រែង យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់ និងត្រៀមខ្លួនបញ្ជូនទៅកាន់តុលាការខេត្ត។
ប្រភពដដែលបន្តថា កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៩ និង២១នាទី នៅចំណុចផ្លូវបេតុងពេទ្យ២១ ស្ថិតនៅភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានករណីឆក់ទូរស័ព្ទ ប្រព្រឹត្តដោយជនជនសង្ស័យ (០១ក្រុម) មានគ្នាចំនួន ០៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះ ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូ (ពុំមានរបួស) ។
ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ លោក ឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត បានចាត់កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង បានធ្វើការស្រាវជ្រាវករណីខាងលើ លុះនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ២១ និង៥០នាទីយប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងចាប់យកវត្ថុតាងទូរស័ព្ទដៃម៉ាក IPhone 14pro max ពណ៍ស្វាយ ០១គ្រឿង ។
ក្នុងប្រតិបត្តិការនោះ ដោយបានការអនុញ្ញាតពី លោកព្រះរាជអាជ្ញា បានធ្វើការប្រគល់ទូរស័ព្ទទៅឲ្យជនរងគ្រោះវិញ និងបន្តស្រាវជ្រាវរកជនសង្ស័យដែលកំពុងរត់គេចខ្លួន ។ ចំណែកជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ដោយ៖តារា