ខេត្តកោះកុង៖ យោងតាមរបាយការណ៍នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ របស់លោកសុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានឱ្យដឹងថា ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង អ្នកដំណើរ និងលំហូទំនិញបន្តចរាចរ ដោយគោរពលក្ខខណ្ឌមួយចំនួន ខណៈច្រកព្រំដែននឹងបើកនៅម៉ោង ៨ព្រឹក និងបិទនៅម៉ោង ៤ល្ងាច។
លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានបញ្ជាក់ថា មេបញ្ជាការវរៈការពារព្រំដែនលេខ ១៨២ថៃ ប្រចាំមាត់ច្រកហាតលេកបានឱ្យកម្លាំងប៉ុស្តិ៍ដឹងថា ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិ ហាតលេក ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ ធ្វើការផ្លាស់ប្ដូរ ម៉ោងបើក បិទច្រក។
របាយការណ៍ដដែលបញ្ជាក់ថា ម៉ោងបើកច្រកពីម៉ោង ០៦:០០នាទី ទៅបើកម៉ោង ០៨:០០នាទីព្រឹក និងម៉ោងបិទច្រកពីម៉ោង ២២:០០នាទី មកបិទម៉ោង១៦:០០នាទី។ ទោះយ៉ាងណា លោកកំពុងប្រជុំបន្ថែមទៀតជាមួយភាគីថៃ សម្រាប់ព័ត៌មានលម្អិតនឹងជូនដំណឹងតាមក្រោយទៀត។
តាមរបាយការណ៍បានឱ្យដឹងទៀតថា ភាគីថៃ បានដាក់លក្ខខណ្ឌចំពោះអ្នកដំណើរប្រើឯកសារតម្រូវដូចខាងក្រោម៖
*១.ពលរដ្ឋខ្មែរប្រើលិខិតឆ្លងដែនក្នុងគោលបំណងទៅទេសចរណ៍ មិនអនុញ្ញាតឱ្យចូលប្រទេសថៃតែចេញពីប្រទេសថៃបាន។
*២.ពលរដ្ឋខ្មែរប្រើលិខិតឆ្លងដែនទៅពេទ្យ ឬអ្នកជំងឺ អនុញ្ញាតធម្មតា។
*៣.ពលរដ្ឋខ្មែរប្រើប័ណ្ណព្រំដែន (Borderpass) អនុញ្ញាតឱ្យចេញ-ចូល។
*៤.ពលករខ្មែរ ប្រើលិខិតឆ្លងដែន ឬ (Borderpass) អនុញ្ញាតឱ្យចេញ-ចូលបាន។
*៥.ពលរដ្ឋថៃប្រើលិខិតឆ្លងដែនចូលប្រទេសថៃបាន តែមិនអនុញ្ញាតឱ្យចេញ។
*៦.ពលរដ្ឋថៃប្រើប័ណ្ណព្រំដែន(Borderpass) អនុញ្ញាតឱ្យចេញ-ចូលបាន ។
*៧.ពលរដ្ឋប្រទេសទី៣ អនុញ្ញាតឱ្យចេញ-ចូលធម្មតា។
*៨.រថយន្តដឹកទំនិញអនុញ្ញាតឱ្យចេញ-ចូលធម្មតា៕ដោយ៖តារា
រូបភាព៖BTV