ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង អ្នកដំណើរ និងលំហូទំនិញបន្តចរាចរ ខណៈច្រកនឹងបើកនៅម៉ោង ៨ព្រឹក ហើយបិទនៅម៉ោង ៤ល្ងាច

ចែករំលែក៖

ខេត្ត​កោះកុង​៖​ យោងតាមរបាយការណ៍នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ របស់លោកសុវណ្ណ ប៊ុនធឿន ប្រធាន​​ទីស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិចាំយាម​ បានឱ្យដឹងថា​ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតក្នុងស្រុក​មណ្ឌល​សីមា ខេត្តកោះកុង អ្នកដំណើរ និង​លំហូ​ទំនិញ​បន្តចរាចរ ដោយគោរពលក្ខខណ្ឌមួយចំនួន ខណៈច្រកព្រំដែននឹងបើកនៅម៉ោង ៨ព្រឹក និងបិទនៅម៉ោង ៤ល្ងាច។

លោក​ សុវណ្ណ ប៊ុនធឿន ប្រធាន​​ទីស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិចាំយាម​ បានបញ្ជាក់ថា មេបញ្ជា​ការ​វរៈ​ការពារ​ព្រំដែ​នលេខ ១៨២ថៃ ប្រចាំមាត់ច្រកហាតលេកបានឱ្យកម្លាំងប៉ុស្តិ៍ដឹងថា ចាប់ពីថ្ងៃទី៨ ខែ​មិថុនា ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិ ហាតលេក ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេស​ថៃ ធ្វើការផ្លាស់ប្ដូរ ម៉ោងបើក បិទច្រក។

របាយការណ៍ដដែល​បញ្ជាក់ថា ម៉ោងបើកច្រកពីម៉ោង ០៦:​០០​នាទី​ ទៅបើកម៉ោង ០៨:០០នាទីព្រឹក និងម៉ោងបិទច្រកពីម៉ោង ២២:០០នាទី មកបិទ​ម៉ោង​១៦:​០០​នាទី​។ ទោះយ៉ាងណា លោកកំពុងប្រជុំបន្ថែមទៀតជាមួយភាគីថៃ សម្រាប់​ព័ត៌មាន​លម្អិត​នឹង​ជូន​ដំណឹង​តាម​ក្រោយទៀត។

តាមរបាយការណ៍​បានឱ្យដឹងទៀតថា ភាគីថៃ បានដាក់លក្ខខណ្ឌ​ចំពោះ​អ្នក​ដំណើរ​ប្រើ​ឯកសារ​តម្រូវ​ដូច​ខាង​ក្រោម៖

*១.ពលរដ្ឋខ្មែរប្រើលិខិតឆ្លងដែនក្នុងគោលបំណងទៅទេសចរណ៍ មិន​អនុញ្ញាត​ឱ្យចូល​ប្រទេស​ថៃ​តែចេញពីប្រទេសថៃបាន។
*២.ពលរដ្ឋខ្មែរប្រើលិខិតឆ្លងដែនទៅពេទ្យ ឬអ្នកជំងឺ អនុញ្ញាតធម្មតា។
*៣.ពលរដ្ឋខ្មែរប្រើប័ណ្ណព្រំដែន (Borderpass) អនុញ្ញាតឱ្យចេញ-ចូល។
*៤.ពលករខ្មែរ ប្រើលិខិតឆ្លងដែន ឬ (Borderpass) អនុញ្ញាតឱ្យចេញ-ចូលបាន។
*៥.ពលរដ្ឋថៃប្រើលិខិតឆ្លងដែនចូលប្រទេសថៃបាន តែមិនអនុញ្ញាតឱ្យចេញ។
*៦.ពលរដ្ឋថៃប្រើប័ណ្ណព្រំដែន(Borderpass) អនុញ្ញាតឱ្យចេញ-ចូលបាន ។
*៧.ពលរដ្ឋប្រទេសទី៣ អនុញ្ញាតឱ្យចេញ-ចូលធម្មតា។
*៨.រថយន្តដឹកទំនិញអនុញ្ញាតឱ្យចេញ-ចូលធម្មតា៕ដោយ​៖តារា​

...

រូបភាព​៖BTV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print