ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា អត្រាពន្ធ ១៩ % របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសមួយដែលអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់លើផលិតផលនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា ទីផ្សារសហរដ្ឋអាមេរិក គឺជាទីផ្សារធំសម្រាប់វិស័យវាយនភណ្ឌកម្ពុជា ហើយកម្ពុជាក៏គ្រោងនាំចេញទំនិញផ្សេងៗទៀតតាមរយៈការធ្វើពិពិធកម្មទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកដូចគ្នាដែរ ដែលទំនាក់ទំនងនេះ គឺជាទំនាក់ទំនងមួយដែលមានសក្ដានុពលដោយសារអាមេរិកមានកម្លាំងទិញធំ ដូច្នេះចំពោះទីផ្សារមានសក្ដានុពលបែបនេះ កម្ពុជាចាំបាច់ត្រូវថែរក្សា ហើយកម្ពុជាចាំបាច់ត្រូវធ្វើយ៉ាងណាត្រូវប្រឹងប្រែងរក្សា និងពង្រឹងទីផ្សារនេះឱ្យបាន។
លោកអ្នកនាំពាក្យរូបនេះ បានលើកឡើងថា កន្លងមកអ្នកបញ្ជាទិញរបស់កម្ពុជា ក៏ដូចជាក្រុមហ៊ុនធំៗដែលជាអ្នកទិញនៅសហរដ្ឋអាមេរិក មានទំនុកចិត្តមកលើវិស័យកាត់ដេរ សំលៀកបំពាក់ និងស្បែកជើង កាបូប ធ្វើដំណើរ និងវិស័យឧស្សាហកម្មផ្សេងៗទៀត ដែលជាឧស្សាហកម្មវិនិយោគនៅក្នុងប្រទេសនៅពេលដែលអត្រាពន្ធរបស់លោក ដូណាល់ ត្រាំ ឡើងខ្ពស់ ក៏បានធ្វើឱ្យពួកគេមានការព្រួយបារម្ភខ្លះដែរ ក្នុងចំណោមអ្នកនាំចេញរបស់កម្ពុជាដែលធ្លាប់នាំចេញទៅកាន់ទីផ្សារអាមេរិក។
ប៉ុន្តែ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់តាំងក្រុមការងារដោះស្រាយបញ្ហាពន្ធលោក ត្រាំ ដែលមានឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លោកស្រី ចម និម្មល និងអ្នកពាក់ព័ន្ធផ្សេងទៀត បានធ្វើឱ្យការចរចាទៅលើបញ្ហាពន្ធនេះ បានធ្លាក់ចុះតាំងពី ៤៩% មកនៅ ៣៦% ហើយចុងក្រោយនេះការចរចារបស់យើងទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ គឺអត្រាពន្ធធ្លាក់មកនៅត្រឹម ១៩% ប៉ុណ្ណោះ។
លោកអ្នកនាំពាក្យរូបនេះ បានអះអាងថា៖«កត្តាពន្ធ ១៩% នេះ បានធ្វើឱ្យកម្ពុជា ក្លាយទៅជាប្រទេសមួយដែលមានលក្ខណៈប្រកួតប្រជែងជាមួយប្រទេសមួយចំនួន ដែលជាប្រទេសស្ថិតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ សំលៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ដូច្នេះនៅពេលដែលកម្ពុជាមានលក្ខណៈប្រកួតប្រជែងបែបនេះ គឺសញ្ញាមួយល្អ ដែលអាចឱ្យកម្ពុជាអាចទាក់ទាញវិនិយោគបានបន្ថែមទៀត តាមរយៈបរិយាកាសវិនិយោគនៅកម្ពុជាមានលក្ខណៈអំណោយផល ហើយកម្លាំងពលកម្មក៏នៅក្មេង ព្រមទាំងបរិយាកាសធុរកិច្ច និងការងារមានលក្ខណៈអំណោយផលច្រើនសម្រាប់ការរីកចម្រើន»។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ សង្ឃឹមថា ជាមួយនិងអត្រាពន្ធដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនិងប្រទេសដែលស្ថិតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដូចគ្នា កម្ពុជាអាចនឹងមានព្រាបខ្លះនៅក្នុងការរក្សាបាននូវការវិនិយោគ ព្រមទាំងការទាក់ទាញវិនិយោគថ្មីៗបន្ថែមទៀតនៅក្នុងវិស័យនេះឱ្យមកបោះទុនវិនិយោគនៅកម្ពុជា។
លោក ប៉ែន សុវិជាតិ ក៏បានបន្តថា បើទោះបីជាជាក់ស្តែង ស្ថិតនៅក្នុងការចរចាក៏ដោយ ក៏យើងឃើញថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបន្តបន្ទាប់នៅតែអាចសម្រេចបានទៅលើគម្រោងវិនិយោគបានច្រើនពាន់លានដុល្លារ ហើយក្នុងនោះក៏មានការវិនិយោគទៅលើវិស័យកាត់ដេរ សំលៀកបំពាក់ និងធ្វើដំណើរផងដែរ។
លោក ប៉ែន សុវិជាតិ បន្ថែមថា៖«ដូច្នេះ កុំព្រួយបារម្ភយើងអាចនិយាយបានថាអត្រាពន្ធ ១៩% នៅតែអាចធ្វើឱ្យប្រទេសកម្ពុជាជាប្រទេសដែលមានភាពប្រកួតប្រជែងនៅក្នុងតំបន់ ជាពិសេសភាពប្រកួតប្រជែងជាមួយដៃគូរធ្លាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនៅក្នុងវិស័យដូចគ្នានៅក្នុងខ្សែសង្វាក់តម្លៃ»។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យរូបនេះ បានអះអាងថា ទៅអនាគត យើងក៏រំពឹងថា វិស័យនេះនិងជួយរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាអាចកសាងសេដ្ឋកិច្ចដែលមានលទ្ធភាពសម្រេចតាមផែនការ នៅឆ្នាំ២០២៩ ត្រូវចេញឋានៈប្រទេសដែលកំពុងអភិវឌ្ឍន៍តិចតួចទៅជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយនៅក្នុងឆ្នាំ២០៣០ ប្រឹងប្រែងជំរុញឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ ហេតុនេះហើយ ពន្ធនេះ កម្ពុជានៅមានសង្ឃឹមច្រើន ហើយអាចនិងជួយកម្ពុជាឱ្យមានការកសាងនូវទំនុកចិត្តនៅក្នុងការទាក់ទាញវិនិយោគិនឱ្យមកវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជាបន្តទៀត៕