ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រានឹងមានអ្នករួមដំណើរម្នាក់ទៀតបានបើករថយន្ត ជ្រុលទៅឡេីងឃឿនថ្មពុះចែកទ្រូងផ្លូវបន្តទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យបាក់រលំសង្កត់ទៅលើរថយន្តមួយគ្រឿងទៀតដែលបើកក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលរងការខូចខាត ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១និង៥០នាទីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវវ៉េងស្រេង ទល់មុខផ្សារឯករាជ្យ១ ស្ថិតក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសពីរនាក់រួមទាំងអ្នកបើកបរ បានបើករថយន្តម៉ាកតូយ៉ូតា កាមរីហាយប្រ៊ីតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF0742 បេីកធ្វើដំណើរតាមបណ្ដោយផ្លូវវ៉េងស្រេងទិសដៅពីកើតទៅលិច យ៉ាលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តជ្រុលទៅឡើងឃឿនសួនថ្មពុះចែកទ្រូងផ្លូវហើយបន្តទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យបាក់រលំអស់មួយដើមសង្កត់ទៅលើរថយន្តតូយ៉ូតាព្រូសពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2BX8047 មួយគ្រឿងទៀតដែល ជិះគ្នាពីរនាក់រួមទាំងអ្នកបើកបរក្នុងទិសដៅបញ្ច្រាសគ្នាបណ្ដាលឲ្យរថយន្តតូយ៉ូតាព្រូសរងការខូចខាតបែកកញ្ចក់ផ្នែកខាងមុខខូចខាតតែមិនគ្រោះថ្នាក់ទៅដល់មនុស្ស ។
បន្ទាប់ពីកេីតហេតុរថយន្តនិងអ្នកបេីកបរ ត្រូវបាន ជំនាញចរាចរណ៍ផ្លូវគោក យកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ ជ្រោយពេជ្រ