ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងនគរបាលព្រហ្ម ទណ្ឌ ដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរង,បញ្ជាផ្ទាល់អធិការនគរបាលស្រុកបសេដ្ឋ, អធិការនគរបាលស្រុកភ្នំស្រួចនិងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញាបក្ខពួកក្រុមចោរប្លន់ (ក្រុមលួចដោយមានស្ថានទម្ងន់ទោស)។
តាមការបញ្ជាក់ពីលោកអធិការនគរបាលស្រុកភ្នំស្រួចឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៤និង២០នាទី នៅចំណុចមុខផ្ទះលក់ចាប់ហួយនិងសាំងភូមិរស្មីសាមគ្គី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ករណីលួចដោយមានស្ថានទម្ងន់ទោស(ប្លន់យកម៉ូតូហុងដាឌ្រីមភ្នំពេញ1GB-9039)បង្កដោយជនសង្ស័យ៦នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ៣គ្រឿងប្រើ កាំបិតបុ័ង តោ,ដាវ និងខ្សែក្រវ៉ាត់ធ្វេីសកម្មភាព ។
តាមការឲ្យដឹងពីជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់សមត្ថកិច្ចបានស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាចំនួន៦នាក់៖ ១ឈ្មោះ សេង ឡុង ប្រុស ១៩ឆ្នាំ,២.ឈ្មោះ ផាវ ថេត ប្រុស ១១៤ឆ្នាំ,៣.ឈ្មោះ អ៊ុន សុខគា ប្រុស ១៧ឆ្នាំ,៤.ឈ្មោះ គឿង ប៊ុនណា ប្រុស ១៨ឆ្នាំ ,៥.ឈ្មោះ សែត ឆាត ប្រុស ២៣ឆ្នាំ និង ៦.ឈ្មោះ ភា សំណាង ប្រុស ២០ឆ្នាំ ដកហូតម៉ូតូ៣គ្រឿង។ ជាមួយនោះសមត្ថកិច្ចរកឃេីញម៉ូតូជនរងគ្រោះ១គគ្រឿង,ម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀន ៤ កញ្ចប់,កាំបិតកែច្នៃ១ដើម, ពូថៅ២ដើម,ទូរស័ព្ទដៃ៣ គ្រឿង,កាតាបស្ពាយសំរាប់ដាក់ពូថៅ១និងក្បាំងមុខម៉ូតូមួយចំនួន។
តាមចម្លើយសារភាពក្រុមជនសង្ស័យធ្លាប់បានធ្វើសកម្មភាពប្លន់ម៉ូតូ៣លើកក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ ប៉ុន្ដែជំនាញបន្ដសាកសួរនិងពិនិត្យករណីនេះបន្ថែមទៀតលេីករណីកេីតហេតុដែលបង្កឡេីងដោយក្រុមចោរសកម្ម។
បច្ចុប្បន្នក្រុមចោររួមជាមួយវត្ថុតាងបាននាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីចាត់ការបន្ដ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ តាមនីតិវិធីច្បាប់លេីក្រុមបក្ខពួកចោរទាំងនេះ៕