ខេត្តបាត់ដំបង÷ ប្រជាពលរដ្ឋភ្ញាក់ផ្អើលក្រោយមានហ្វូងសត្វចចកចូលដល់ក្នុងភូមិខាំអ្នកស្រុកបណ្តាលឲ្យរបួសជាច្រើននាក់ក្នុងស្រុកមោងឬស្សី។ ការភ្ញាក់ផ្អើលបានកើតឡើងនៅព្រលឹមថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ ត្រង់ភូមិសាស្ត្រភូមិពោធិ៍ ឃុំគា ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
លោក ទេព ហន អភិបាលស្រុកមោងឬស្សី បានប្រាប់ឲ្យដឹងថា ករណីហ្វូងសត្វចចកបានចូលមកដល់ក្នុងភូមិអ្នកស្រុកបានកើតឡើងពិតប្រាកដមែន និងបានខាំប្រជាពលរដ្ឋបណ្តាលឲ្យរងរបួសចំនួន ៣នាក់ ដោយសារតំបន់ដែលប្រជាពលរដ្ឋរស់នៅនេះជាតំបន់ជាប់បឹងទន្លេសាប គ្រាដែលទឹកទន្លេសាប ជន់ឡើងដល់កន្លែងសត្វចចករស់នៅ វាក៏គេចខ្លួនមករកទីទួលដីគោកទើបប្រទះនឹងប្រជាពលរដ្ឋ។
ចំណែកលោក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សីបានបញ្ជាក់ដែរថា ករណីសត្វចចកចូលភូមិនេះនៅវេលាម៉ោងជាង ៦ព្រឹក បានខាំពលរដ្ឋអ្នកស្រុកចំនួន ៣នាក់ រួមមានពលរដ្ឋអ្នកហាត់ប្រាណ អ្នកលក់ដូរ និងកូនសិស្សម្នាក់ទៀតកំពុងដើរទៅសាលារៀន បណ្តាលឲ្យរងរបួសស្រាល។
សត្វចចកជាច្រើនក្បាលចូលមកខាំអ្នកស្រុក និងការអំពាវនាវរបស់កម្លាំងជំនាញបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន រហូតដល់ថ្ងៃរសៀលថ្ងៃដដែលសត្វចចកបានបង្ហាញខ្លួនម្តងទៀតក៏ត្រូវអ្នកស្រុកដេញវ៉ៃងាប់ចំនួន ២ក្បាល និងនៅព្រឹកថ្ងៃទី ៧ ខែតុលានេះពលរដ្ឋប្រទះឃើញសត្វចចកទៀតក៏ព័ទ្ធវ៉ៃងាប់មួយក្បាលទៀត៕