កម្មវិធីបោះជំរំរដូវក្តៅ “ស្ពានភាសាចិន ២០២៥” ដើម្បីស្វែងយល់អំពីវប្បធម៌ប្រពៃណី នៅទីក្រុងសៀងហៃ ប្រទេសចិន

ចែករំលែក៖

ទីក្រុងសៀងហៃ៖​ ក្រសួងអបរំ យុវជន និងកីឡា នៅថ្ងៃទី​០៧​ ខែតុលា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ក្រសួងអបរំ យុវជន និងកីឡា​ បានសហការជាមួយសាកលវិទ្យាល័យគរុកោសល្យចិនបូព៌ា (East China Normal University) រៀបចំកម្មវិធីបោះជំរំរដូវក្តៅ “ស្ពានភាសាចិន ២០២៥ – The 2025 Chinese Bridge” នៅទីក្រុងសៀងហៃ ប្រទេសចិន ថ្ងៃទី១៥-២៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ​ ដើម្បីផ្លាស់ប្តូរយុវជនជាសិស្សានុសិស្សនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៃប្រទេសកម្ពុជា ចំនួន១៥នាក់ និងគ្រូដឹកនាំ១នាក់ ចុះសិក្សាស្វែងយល់អំពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់រស់នៅរបស់ប្រជាជនចិន និងបន្តពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

កម្មវិធីបោះជំរំរដូវក្តៅ «ស្ពានភាសាចិន ២០២៥» គឺជាកម្មវិធីមួយ នៃការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងអប់រំ នៃប្រទេសទាំងពីរ។ ប្អូនៗសិស្សានុសិស្សបានរៀនសូត្រជាច្រើនចេញពីកម្មវិធីមួយនេះ ដូចជា ការផ្លាស់ប្តូរក្បាច់គុនបុរាណខ្មែរ សិល្បៈកាន់ពែងនិងចាក់ទឹកតែ សិល្បៈធ្វើនំព្រះខែនិងនំគាវ ការធ្វើនំចាំងសម្រាប់ពិធីបុណ្យអុំទូក ព្រមទាំងបានស្តាប់រឿងប្រវត្តិសាស្ត្រចិនចាប់តាំងពីសម័យមហាកំផែងរហូតដល់ទីក្រុងវាំងបុរាណចិន។ បន្ថែមពីនេះ សិស្សានុសិស្សបានទទួលអារម្មណ៍រីករាយជាមួយតន្ត្រីប្រជាប្រិយរបស់ចិន ជាមួយនឹងតន្ត្រីទ្រដ៏ពិរោះរណ្តំ និងតន្ត្រីពិនដ៏ស្រទន់ ដែលធ្វើឱ្យគ្រប់គ្នាទះដៃតាមចង្វាក់។

ក្រៅពីបទពិសោធក្នុងថ្នាក់រៀន សិស្សានុសិស្សក៏បានធ្វើដំណើរកំសាន្តនៅទូទាំងទីក្រុងសៀងហៃ រួមមាន ទស្សនាតាមសារមន្ទីរសៀងហៃ ទស្សនាភូមិបុរាណ និងបានថតរូបអនុវស្សាវរីយ៍ជាមួយអគារវីឡាចាស់ៗនៅលើផ្លូវអ៊ូខាង (Wukang)។ សិស្សានុសិស្សមានឱកាសគយគន់មើលហាងសិល្បៈនៅតាមដងផ្លូវអានហ្វុ (Anfu) ជាពិសេសបានឡើងទៅលើកំពូលប៉មគុជបូព៌ា ដើម្បីគយគន់ដងទន្លេហ័ងភូ (Huangpu) និងមើលទេសភាពនៃទីក្រុងសៀងហៃ។ ជាការកត់សម្គាល់ សិស្សានុសិស្សបានទទួលបទពិសោធពីការរីកចម្រើនប្រទេសចិននាសម័យថ្មីផងដែរ ក្នុងនោះរួមមាន ភាពងាយស្រួលនៃរថភ្លើងក្រោមដី និងផ្លូវរថភ្លើងល្បឿនលឿន ព្រមទាំងបានរៀនសូត្រអំពីសុជីវធម៌ប្រពៃណីរបស់ចិន និងសារៈសំខាន់នៃការញញឹមនៅពេលជួបមនុស្ស និងមានភាពស្មោះត្រង់ចំពោះគ្នា។

ជាថ្មីម្ដងទៀត ក្នុងនាមជាគ្រូតំណាងឱ្យសិស្សានុសិស្សទាំង១៥រូបដែលមកពីទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតចិនប្រចាំកម្ពុជា មជ្ឈមមណ្ឌលសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិនភាសាបរទេសនៃក្រសួងអប់រំប្រទេសចិន ជាពិសេសសាកលវិទ្យាល័យគរុកោសល្យចិនបូព៌ា (East China Normal University) ដែលបានសម្របសម្រួលដ៏ពិសេស និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅអំឡុងពេលបណ្តុះបណ្តាល ដែលធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយភាពរលូន ជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា។ នៅថ្ងៃអនាគត យើងទាំងអស់គ្នានឹងប្តេជ្ញាក្លាយជាឯកអគ្គរដ្ឋទូតឆ្នើម នៃទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print