នាវាកងទ័ពជើងទឹកចិនគ្រោងនឹងមកចូលសំចតនៅកម្ពុជា, អ្នកវិភាគ ថា ជាការបញ្ជាក់ពីកម្រិតនៃទំនាក់ទំនងដ៏ជិតស្និទ្ធ និង ការជឿទុកចិត្ត

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានក្នុងស្រុក និង បរទេសបានឲ្យដឹងថា នាវាកងទ័ពជើងទឹកចិននឹងមកចូលសំចត ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា, អ្នកវិភាគសង្គមចាត់ទុកថា នេះគឺជាការបញ្ជាក់ជាថ្មី ពីកម្រិតនៃទំនាក់ទំនងដ៏ជិតស្និទ្ធ និង ការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ រវាងកម្ពុជានិងចិន។

បើ តាមការគ្រោងទុក នាវាកងទ័ពជើងទឹកចិន ចំនួន២គ្រឿង នឹងចូលសំចត ដើម្បីធ្វើទស្សនកិច្ច នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥។ នាវាកងទ័ពជើងទឹកចិន ទាំង២គ្រឿងនេះ រួមមាន ទី១ ៖ នាវា Qi Jiguang និងទី២ ៖ នាវា Yi Mengshan។ បន្ទាប់ពីមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានការបើកឱ្យនាយទាហាន និង នាវិក នៃកងទ័ពជើងទឹកកម្ពុជា ឡើងទៅលើនាវា ដើម្បីធ្វើទស្សនកិច្ចផងដែរ។ បើតាមទីភ្នាក់ព័ត៌មានចិន Xinhua ក៏បានចុះផ្សាយការចាកចេញដំណើររបស់នាវាទាំងពីរគ្រឿងនេះ ផងដែរ។

អ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង បានប្រាប់ឲ្យដឹង នៅថ្ងៃទី៧ ខែតុលានេះ ថា វត្តមាន នៃការចូលចតនាវាកងទ័ពជើងទឹកចិន នៅកម្ពុជា គឺជាបញ្ជាក់ជាថ្មី ពីកម្រិតនៃទំនាក់ទំនងដ៏ជិតស្និទ្ធ និងការជឿទុកចិត្តគ្នា ជាយុទ្ធសាស្ត្រ រវាងកម្ពុជានិងចិន។ ទោះបីជាស្ថានភាពពិភពលោក មានការប្រែប្រួល យ៉ាងណាក៏ដោយ ក៏ «មិត្តភាពដែកថែប» រវាងប្រទេសទាំងពីរ នៅតែរឹងមាំជាដរាប ហើយទំនាក់ទំនងទ្វេភាគី ក៏មិនងាយរង្គោះរង្គើដែរ។
«នេះគឺជាការបង្ហាញពីសារនយោបាយ នៃភាពមិនរង្គោះរង្គើ ជាសាធារណៈ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមិនត្រឹមតែគ្របដណ្តប់ លើវិស័យសេដ្ឋកិច្ច ប៉ុណ្ណោះទេ ថែមទាំងលើវិស័យ យោធា និងសន្តិសុខ ថែមទៀតផង»។

លោកបណ្ឌិតបានបន្តថា ដំណើរទស្សនកិច្ចនេះក៏ដើរតួនាទីជា ការទូតនាវាចម្បាំង (Naval Diplomacy) ដែលជាមធ្យោបាយដ៏សំខាន់មួយ ក្នុងការរក្សាទំនាក់ទំនងដ៏ជិតស្និទ្ធ និង ការយោគយល់គ្នា ទៅវិញទៅមក ដូចជា អនុញ្ញាតឲ្យនាយទាហាន និង នាវិកកម្ពុជា ឡើងទៅស្សនានាវា។ នេះគឺជាចំណុចមួយសំខាន់ នៃការទូតនាវាចម្បាំង ព្រោះវាផ្តល់ឱកាសដ៏កម្រសម្រាប់កងទ័ពជើងទឹកកម្ពុជា បានស្វែងយល់ពីបច្ចេកវិទ្យា ឬ ប្រតិបត្តិការនាវាយោធាទំនើបៗ ដែលមានទំហំធំ និង មានសមត្ថភាពខ្ពស់។

«ម្យ៉ាងទៀត យើងឃើញថា វត្តមានរបស់នាវាទាំងនេះ នឹងនាំមក នូវការសហការលើវិស័យមិនមែនសង្រ្គាម ដូចជា ប្រតិបត្តិការលើវិស័យមនុស្សធម៌ និង ការសង្គ្រោះ លើកិច្ចការគ្រោះមហន្តរាយ ដែលមានសារៈសំខាន់ខ្លាំង សម្រាប់កម្ពុជាយើង ដែលអាចងាយរងគ្រោះដោយសារកត្តាធម្មជាតិ»។

ជារួម លោកបណ្ឌិត កៅ មុយថង យល់ឃើញថា ការឈប់សំចត គឺជាដំណើរទស្សនកិច្ចដែលមិនត្រឹមតែជាការផ្លាស់ប្តូរបទពិសោធន៍ខាងយោធា ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាការបង្ហាញពីការត្រៀមខ្លួន សម្រាប់កិច្ចសហប្រតិបត្តិការតំបន់ ផងដែរ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print