ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានកិត្តិយសសូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អង្គទូត អង្គការជាតិ-អន្តរជាតិ លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ កំណត់យកថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦:០០នាទី ដល់ម៉ោង ១២:០០នាទីព្រឹក សម្រាប់ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លំដាប់ថ្នាក់ 4F ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឱ្យការរៀបចំពិធីសម្ពោធជាផ្លូវការខាងលើនេះ ប្រព្រឹត្តទៅដោយរលូន ព្រមទាំងរក្សាបាននូវ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ស្នើសុំបងប្អូន មេត្តាយោគយល់ ប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរចេញ-ចូលឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិតេជោ និងអធ្យាស្រ័យ ដោយទីតាំងខាងលើនេះនឹងមានការរឹតបន្តឹងសន្តិសុខ និងសុវត្ថិភាព។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អង្គទូត អង្គការជាតិ-អន្តរជាតិ លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបតាមការគួរ៕ដោយ៖តារា