ខេត្តកណ្ដាល÷ ក្មេងស្រីម្នាក់បានលង់ទឹកស្លាប់ក្នុងប្រឡាយមួយកន្លែងដែលមានជម្រៅជ្រៅ ខណៈដែលរូបនាងបានទៅរកកណ្តុរជាមួយម្តាយ និងអ៊ុំប្រុស ដើម្បីយកមកធ្វើម្ហូប។ ហេតុការណ៍សោកសៅនេះបានកើត ឡើងនៅវេលាម៉ោង ១៣:៤០នាទី រសៀលថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចប្រឡាយគោកអំពិល ក្នុងភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ បញ្ញា ថាវរី ភេទស្រី អាយុ ៥ឆ្នាំជាសិស្សសាលា រស់នៅជាមួយឪពុកម្តាយក្នុងភូមិស្ដៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។ ឪពុករបស់ក្មេងស្រីរងគ្រោះមានឈ្មោះ គ្រុយ បញ្ញា និងម្ដាយឈ្មោះ ចាន់ ចិន្តា ។
ប្រភពសមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ក្មេង ស្រីរងគ្រោះបានដើរទៅរកកណ្តុរជាមួយនឹងម្តាយ និងអ៊ុំរបស់នាងឈ្មោះ ចាន់ សុជាតិ ដែលមានបំណងយកកណ្តុរមកធ្វើម្ហូប។ ពេលកំពុងដើររក ជនរងគ្រោះបានរអិលជើងធ្លាក់ចូលទៅក្នុងប្រឡាយគោកអំពិលដែលមានជម្រៅប្រហែល ៣ម៉ែត្របាត់ខ្លួនតែម្តង។ ពេលនោះ ទាំងម្តាយ និងអ៊ុំរបស់កុមារី បានព្យាយាមមុជទឹករាវរក ប៉ុន្តែដោយសារទឹកជ្រៅពេក ពួកគេរកមិនឃើញឡើយ។ ក្រោយមក ម្តាយរបស់ជនរងគ្រោះក៏បានត្រឡប់មកផ្ទះវិញ ដើម្បីហៅបងប្អូនឲ្យទៅជួយមុជរាវរក។ រហូតដល់វេលាម៉ោង ១៥:០០នាទី ទើបក្រុមគ្រួសាររកឃើញក្មេង ស្រីរងគ្រោះ តែរូបនាងបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ។
បច្ចុប្បន្ន សពរបស់ក្មេងស្រីឈ្មោះ បញ្ញា ថាវរី ត្រូវបានអាណាព្យាបាលយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិស្ដៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ៕