ខេត្តស្វាយរៀង៖ មានករណី អគ្គិភ័យឆាបឆេះក្នុងកាស៊ីណូម៉ុកបាយបង្កការភ្ញាក់ ផ្អើលបុគ្គលិកនិងសន្តិសុខ រាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៍យករថយន្ត បាញ់ពន្លត់ ទាំងព្រឹក សំណាងមិនមានមនុស្សរងគ្រោះថ្នាក់ នៅក្រុងបាវិតសង្ស័យឆ្លងចរន្តអគ្គីសនី។
យោងតាមកងរាជអាវុធហត្ថក្រុងបាវិតបានអោយដឹងថា ហេតុការណ៍នេះបាន កើតមានឡើងនៅព្រឹក ទី១៦ ខែតុលា ឆ្នាំ២០២៥ ក្នុងកាស៊ីណូម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពដដែលបន្តថា ក្រោយពីមានសេចក្តីរាយការណ៍ថាមានករណីអគ្គិភ័យឆាបឆេះក្នុងកាស៊ីណូម៉ុកបាយភ្លាម លោកវរសេនីយ៍ត្រី គ្រុយ សុខឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានដឹកនាំកម្លាំងក្រោមឱវាទ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានចុះជួយអន្តរាគមន៍ពន្លត់អគ្គីភ័យដែលកើតមានឡើងនៅក្នុងកាស៊ីណូម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ។
ដោយសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៦គ្រឿង ក្នុងនោះរថយន្តកងរាជអាវុធហត្ថខេត្តស្វាយរៀងចំនួន០៣គ្រឿង រថយន្តរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតចំនួន០១គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលក្រុងបាវិតចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៧ រថយន្ត ។
ក្នុងករណីនេះដែរ សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍បាន 100% និងបានរលត់ទៅវិញនៅម៉ោង ១០:២០ នាទីថ្ងៃដដែលវិញផងដែរខណៈមិនមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ បណ្តាលឱ្យខូចខាតសម្ភារ:មួយចំនួន(ឃ្លាំងគ្រឿងសំណង់ គ្រឿងដេគ័រ) ដោយសារមូលហេតុឆ្លងចរន្តអគ្គីសនី។