ខេត្តស្វាយរៀង៖ លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្តនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញចុះទៅត្រួតពិនិត្យជាក់ស្ដែងដល់ទីតាំងចាក់សំរាម កាកសំណល់ផ្ទះបាយមួយកន្លែង ដែលទីតាំងនេះស្ថិតនៅខាងក្រោយក្រុមហ៊ុនកាស៊ីណូ DGT ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
អភិបាលរងខេត្តបានឲ្យដឹងថា ការចុះត្រួតពិនិត្យនាពេលនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីវាយតម្លៃ និងចាត់វិធានការទៅលើបញ្ហាបរិស្ថានដែលបង្កឡើងដោយការចាក់សំរាមនៅទីតាំងខាងលើ។ បើតាមការពិនិត្យជាក់ស្តែង ទីតាំងចាក់សំរាមនេះជាទីតាំងដីកាសុីណូ មានចម្ងាយពីផ្លូវកៅស៊ូ ៣១៩C មកដល់ទីតាំងប្រមាណ ២១៦ម៉ែត្រ ដែលបង្កឱ្យមានធំុក្លិនស្អុយ។
អភិបាលរងខេត្តបានណែនាំក្រុមហ៊ុនកាស៊ីណូត្រូវធ្វើកាលបរិច្ឆេទឱ្យបានច្បាស់លាស់ក្នុងរយៈពេល៧ថ្ងៃ ដើម្បីយកសំរាមចេញឲ្យអស់ពីទីតាំងខាងលើនេះឬឲ្យក្រុមហ៊ុនឯកជនមកប្រមូលសំរាមឲ្យអស់ទាន់ពេលវេលា ជៀសវាងមានការកកស្ទះសំរាម ធ្វើអោយជះក្លិនស្អុយដល់ប្រជាពលរដ្ឋនៅជុំវិញទីនោះ។
លោកបានណែនាំឲ្យខាងក្រុមហ៊ុនកាស៊ីណូ រៀបចំជាទីតាំងទុកដាក់សំរាមឲ្យបានត្រឹមត្រូវតាមបែបបច្ចេកទេសរបស់ក្រសួងបរិស្ថាន។ សូមបញ្ជាក់ថា កន្លងមកមន្ទីរបរិស្ថានខេត្ដក៏ធ្លាប់បានធ្វើកំណត់ហេតុជាក់ស្ដែង ជាមួយខាងក្រុមហ៊ុនកាស៊ីណូ DGT រួចមកហើយចំនួន២ដង ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែហាក់ដូចជាមិនទាន់ទទួលបានលទ្ធផលទាល់តែសោះ៕ ដោយសុីថាន