លោកបណ្ឌិត ស៊ាង ប៊ុនលាង អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំផែនការចុះពិភាក្សាការងារជាមួយគណៈអភិបាលខេត្តដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ ឡាវ វៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥  លោក បណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ អចិន្ត្រៃយ៍ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំផែនការចុះពិភាក្សាការងារជាមួយគណៈអភិបាលខេត្តដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ ឡាវ វៀតណាម ស្របតាមផែនការសកម្មភាពរបស់ក្រសួងមហាផ្ទៃ នៅបន្ទប់លេខ ៨៩០ ទីស្តីការក្រសួងមហាផ្ទៃ  ដោយមានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការរង អគ្គនាយករង សមាជិកក្រុមការងារអចិន្ត្រៃយ៍។

បន្ទាប់ពីបានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុស អង្គប្រជុំបានឯកភាពលើការងារមួយចំនួនដូចខាងក្រោម៖

– ផ្តោតការងារលើបញ្ហានៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃសិន និងជំរុញដល់រដ្ឋបាលខេត្តឱ្យបំពេញ ព័ត៌មាន ទិន្នន័យ និងឯកសារ ដែលក្រុមការងារអចិន្ត្រៃយ៍ត្រូវការសម្រាប់រៀបចំផែនការត្រៀមបម្រុងទុក។

– បន្តចុះពិនិត្យ និងបំពេញការងារនៅខេត្តអាទិភាពដែលមានជនភៀសសឹកកំពុងស្នាក់នៅរួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ព្រមទាំងបន្តទៅខេត្តផ្សេងទៀតនៅតាមព្រំដែនថៃ តាមការជាក់ស្តែង។

– ពេលចុះបំពេញការងារនៅតាមបណ្តាខេត្តជាប់ព្រំដែនវៀតណាម និងឡាវ នឹងភ្ជាប់ជាមួយពាក្យ

“គ្រោះមហន្តរាយ” ក្នុងន័យបញ្ចៀសការយល់ច្រឡំក្នុងចំណោមប្រជាពលរដ្ឋ និងប្រទេសជិតខាង ។

ជាកិច្ចបញ្ចប់ អង្គប្រជុំបានប្រគល់ភារកិច្ចជូនឯកឧត្តមឧត្តមសេនីយ៍ឯក គង់ ច័ន្ទដារ៉ា អគ្គនាយករងភស្តុភារនិងហិរញ្ញវត្ថុ និងឯកឧត្តម សុង ហេង អគ្គនាយករងរដ្ឋបាល សហការលើកគម្រោងសំណើសុំថវិកាចំណាយ សម្រាប់បំពេញការងារបន្តរបស់ក្រុមការងារអចិន្ត្រៃយ៍នៅតាមបណ្តាខេត្តនាពេលខាងមុខ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print