ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការងារឌីជីថលភាវូបនីយកម្ម និងការផ្សព្វផ្សាយអប់រំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ ប្រតិភាណឈ្លាសវៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងចំណោមភារកិច្ចសម្រេចបានលទ្ធផលជាច្រើន អគ្គនាយកដ្ឋាន បាននិងកំពុងដំណើរការកម្មវិធី វឌ្ឍនភាពការងារ តាមបណ្តាអគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែល ចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី-ខេត្ត។
លោក ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឱ្យដឹងថាកម្មវិធីនេះមានគោលបំណងបង្កលក្ខណៈជូនថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្ត បានផ្ដល់ព័ត៌មានដោយសង្ខេបខ្លីខ្លឹមជូនសាធារណជន អំពីលទ្ធផលនៃការអនុវត្តតួនាទី ភារកិច្ច និងវិធីសាស្រ្តដឹកនាំសម្របសម្រួលរបស់ខ្លួន ក្នុងការងារបម្រើសេវាសាធារណៈតាមវិស័យទទួលខុសត្រូវជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងគោលការណ៍ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោកបានបន្តទៀតថាកម្មវិធីនេះ ក៏ជាឱកាសឱ្យមន្ត្រីទទួលបន្ទុកតាមជំនាញ ក្នុងវិស័យនីមួយៗចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី-ខេត្ត បានលើកឡើង ពីបញ្ហាប្រឈមក៏ដូចជាសំណូមពរផ្សេងៗ ដើម្បីឱ្យភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋបានចូលរួមជាមួយមន្ត្រី ក្នុងការធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាសាធារណៈ ក៏ដូចជាការចូលរួមចំណែក ផ្តល់សំណើ សំណូមពរ តាមរយៈការបញ្ចេញមតិយោបល់ នៅក្នុងបណ្ដាញសង្គម ដែលផ្សព្វផ្សាយពីកិច្ចសម្ភាសនោះ ដើម្បីឱ្យមន្ត្រីទទួលយកមកពិនិត្យ ពិចារណា និងដោះស្រាយ។
គួរកត់សម្គាល់ថា កិច្ចសម្ភាសបានធ្វើឡើងនៅស្ទូឌីយ៉ូ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចសម្ភាស មានផ្សាយតាមរយៈផេកផ្លូវការក្រសួងមហាផ្ទៃ ផេកផ្លូវការអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ ផេកផ្លូវការ លោកអភិសន្តិបណ្ឌិត ស សុខា និងផ្សាយបន្តតាមផេកផ្លូវការរបស់លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពចំណុះ អភិបាលរាជធានី ខេត្ត ផេកផ្លូវការអង្គភាពចំណុះ ក្រសួង និងផេកផ្លូវការរបស់រដ្ឋបាលរាជធានី ខេត្តសាមី។
បើតាមលោក ឧត្តមសេនីយ៍ឯក ហោ សំអាត គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ មានអគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ដែលបានចូលរួមក្នុងកិច្ចសម្ភាសនេះ រួមមាន ១.អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
២.អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។៣.អគ្គនាយកដ្ឋានពន្ធនាគារ ។៤.បណ្ឌិត្យសភានគរបាលកម្ពុជា ។
៥.សាលាជាតិរដ្ឋបាលមូលដ្ឋាន ៦.អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ។
៧.អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
៨.អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ។៩.អគ្គនាយកដ្ឋានធនធានមនុស្ស ១០.អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ១១.អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងទី១២.ក្រុមប្រឹក្សានីតិកម្ម អគ្គនាយកដ្ឋានកំពុងរៀបចំផ្សព្វផ្សាយ។
ដោយឡែករដ្ឋបាលរាជធានី-ខេត្ត ចំនួន១២ទៀត ដែលបានមកផ្ដល់បទសម្ភាសរួចរាល់ រួមមាន ៖
១.រដ្ឋបាលខេត្តកណ្តាល ។
២.រដ្ឋបាលខេត្តតាកែវ ។
៣.រដ្ឋបាលខេត្តព្រះសីហនុ ។
៤.រដ្ឋបាលខេត្តក្រចេះ ។
៥.រដ្ឋបាលខេត្តកំពង់ចាម។
៦.រដ្ឋបាលខេត្តកំពង់ធំ ។
៧.រដ្ឋបាលខេត្តពោធិ៍សាត់ ។
៨.រដ្ឋបាលខេត្តស្វាយរៀង ។
៩.រដ្ឋបាលខេត្តរតនគិរី ។
១០.រដ្ឋបាលខេត្តកំពង់ឆ្នាំង ។
១១.រដ្ឋបាលខេត្តព្រៃវែង ។
និងទី១២.រដ្ឋបាលខេត្តស្ទឹងត្រែង។
គួរកត់សម្គាល់ថាទម្រង់នៃកម្មវិធីសម្ភាស ប្រព្រឹត្តទៅដោយមានវាគ្មិន ជាអគ្គនាយក ឬប្រធានអង្គភាពប្រហាក់ប្រហែល ជាអភិបាល ឬអភិបាលរងតំណាងអភិបាលរាជធានី-ខេត្ត អមដោយមន្ត្រីជំនាញមួយក្រុមតូច។ ក្រៅពីការបង្ហាញលទ្ធផលការងាររបស់ខ្លួន វាគ្មិនក៏ត្រូវឆ្លើយតបសំណួរសំខាន់ៗមួយចំនួន ពិសេសសំណួរដែលជាមន្ទិលរបស់មហាជនពាក់ព័ន្ធនឹងការអនុវត្តតួនាទី និងភារកិច្ចរបស់អង្គភាពវាគ្មិន ដោយមានពិធីករមួយរូបជាអ្នកសម្របសម្រួល៕
ដោយ ៖ សិលា