រដ្ឋបាលខេត្តព្រះសីហនុចុះផ្អាកដំណើរការផលិតកម្មរោងចក្រកែច្នៃស្បែកសត្វមួយរហូតដល់លែងមានការបំពុលបរិស្ថាន

ចែករំលែក៖

ខេត្តព្រះសីហនុ÷ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុដឹកនាំក្រុមការ ងារចម្រុះ ដើម្បីចុះអនុវត្តលិខិតលេខ ៤៨២២ /០៦២៥ ប.ស្ថ/អគព ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ របស់

ក្រសួងបរិស្ថាន និងលិខិតលេខ ៤៤៧/២៥ សជណ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលសម្រេចផ្អាកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនគូប៊ុន (ខេមបូឌា) បាយអថេកណឡជី KUBON (CAMBODIA) BIOTECHNOLOGY CO., LTD. ក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

លោកអភិបាលរងខេត្ត បានបញ្ជាក់ ថាក្រុមហ៊ុនគូប៊ុន (ខេមបូឌា) បាយអថេកណឡជី ជាក្រុមហ៊ុនកែច្នៃស្បែកសត្វ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលរោងចក្ររបស់ក្រុមហ៊ុននេះបានបំពុលបរិស្ថាន ធ្វើឱ្យប៉ះពាល់ដល់ជីវចម្រុះជុំវិញតំបន់។ 

កន្លងមកក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តធ្លាប់បានធ្វើការណែនាំឱ្យកែតម្រូវ និងធ្វើការផាកពិន័យជាច្រើនលើកច្រើនសាមកហើយ តែក្រុមហ៊ុននៅមិនមានការកែតម្រូវ។ 

ដូច្នេះ ការផ្អាកដំណើរការផលិតកម្មរោងចក្រនេះ គឺដើម្បីបញ្ឈប់នូវរាល់សកម្មភាពដែលអាចឈានទៅដល់ការបំពុលបរិស្ថានបន្ថែមទៀត ហើយសង្វាក់ផលិតកម្មទាំងមូលនឹងត្រូវផ្អាករហូតដល់មានការកែតម្រូវឱ្យស្របតាមស្តង់ដារបច្ចេកទេស។

ក្នុងបេសកកម្មនេះ តំណាងក្រុមហ៊ុនបានចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដើម្បីរៀបចំស្តារប្រព័ន្ធលូ និងអាងប្រព្រឹត្តកម្មឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងបរិស្ថាន មុននឹងស្នើសុំបើកដំណើរផលិតកម្មឡើងវិញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print